ដោយៈ និស្ស័យ
កណ្តាលៈ ក្រុមការងារបច្ចេកទេស បានចំណាយរយៈពេល៥៥ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន៤០ទីតាំង បាននឹងកំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក និរន្តរភាព និងឯករាជ្យដឹកជញ្ជូនតាមផ្លូវទឹក។
បច្ចុប្បន្ន ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិត តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងបាន និងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ជាក់ស្តែង ជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំងអស់តាមយន្តការ នឹងនីតិវិធីដែលមានជាធរមាន។
ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីន និងយុទ្ធភ័ណ្ឌ ដែលមិនទាន់ផ្ទុះ ដើម្បីអាចចាប់ផ្តើមការងារជីកស្តារនិងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូនeBee X និងដ្រូនDJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់កំណាត់ទី២ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនវិនិយោគចិន និងក្រុមហ៊ុនវិនិយោគកម្ពុជា ។កិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមានជាអារទិ៍ ៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន។
(៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥នេះ និងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និងប្រតិបត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូន និងច្បាស់លាស់។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថា ការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។
ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះ មានប្រវែងជាង១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវា ដែលមានទម្ងន់ផ្ទុករហូតដល់៣០០០ DWTទៅមក និងជៀស គ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយ ដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួន នៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាព នៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានទៀតផង។
នៅពេលគម្រោងនេះ បញ្ចប់ការស្ថាបនាជាស្ថាពរ យើងរំពឹងថា បណ្តាញផ្លូវទឹកនេះ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់ បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការធ្វើពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លើសពីការដឹកជញ្ជូន គម្រោងនេះក៏និងផ្តល់អត្ថប្រយោជន៍រួមមាន ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះ នឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនិងវិនិយោគពហុវិស័យ សម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ៕