បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា សម្រេចបានជិត២០២លានដុល្លារ

 

ដោយ៖ សាវុធ

ភ្នំពេញ៖ បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា សម្រេចបានជិត២០២លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងជាង ៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកំណើនភាគច្រើនបានមកពីធានារ៉ាប់រងទូទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធានារ៉ាប់រងកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា បុព្វលាភធានារ៉ាប់រងសរុបរបស់ទីផ្សារសម្រេចបានប្រមាណ ២០១,៧ លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើង ៨,២ ភាគរយពីចំនួន ១៨៦,៣ លានដុល្លារកាលពីរយៈពេល ៩ខែ ឆ្នាំ២០១៩។ ក្នុងនោះ ផលិតផលទីផ្សារធានារ៉ាប់រងទូទៅមានកំណើន ១៨,២ភាគរយ ទីផ្សារធានារ៉ាប់រងអាយុជីវិតមានកំណើន ២,៨ ភាគរយ ខណៈទីផ្សារធានារ៉ាប់រងខ្នាតតូច ថយចុះជិត ២២ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ទីផ្សារធានារ៉ាប់រងទូទៅ សម្រេចបានបុព្វលាភប្រមាណ ៨៧,៩លានដុល្លារ គិតត្រឹមចុងត្រីមាសទី៣ កើនឡើង ១៨,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានតម្លៃ ៧៤,៤លានដុល្លារ។

កំណើនបុព្វលាភធានារ៉ាប់រងទូទៅនេះ គឺបានមកពីស្ទើរគ្រប់ផលិតផលដែលមានដូចជា ធានារ៉ាប់រងវិស្វកម្ម កើន ៧៤,២ ភាគរយ ធានារ៉ាប់រងលើនាវាយន្តហោះការដឹកជញ្ជូនទំនិញកើន ៣៥,៣ ភាគរយ ធានារ៉ាប់រងសុខភាព កើន ២១,៥ ភាគរយ ធានារ៉ាប់រងទ្រព្យសម្បត្តិ (អគ្គិភ័យ) កើន ១៥,៩ ភាគរយ ធានារ៉ាប់រងយានយន្តកើនឡើង ៧ ភាគរយ និងធានារ៉ាប់រងផ្សេងៗកើន ១៥,១ ភាគរយ។

ចំណែកទីផ្សារធានារ៉ាប់រងអាយុជីវិតគឺបានកើនឡើងតិចតួច ដោយទំហំបុព្វលាភមាន ១០៩,៨ លានដុល្លារ កើនពី ១០៦,៨ លានដុល្លារកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៩។

ដោយឡែក ទីផ្សារធានារ៉ាប់រងខ្នាតតូចទំហំបុព្វលាភមានត្រឹមតែ ៤,១លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ២១,៧ភាគរយ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩។

របាយការណ៍សមាគមធានារ៉ាប់រងកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ នេះទឹកប្រាក់សំណងដែលក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់ទៅកាន់អតិថិជនមានចំនួនសរុប ២១,៧ លានដុល្លារ ក្នុងនោះសំណងដែលបានទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅមាន ១៦,១ លានដុល្លារ ធានារ៉ាប់រងអាយុជីវិតមាន ៤,៧ លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចមាន ០,៧៥ លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here