រដ្ឋាភិបាលអាល្លឺម៉ង់និងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្នុងឱកាសនៃជំនួប លោកStefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្តេចធិបតី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកអគ្គរដ្ឋទូត ព្រមទាំងបានគោរពរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើនេះលោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការលើកទឹកចិត្តនិងជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជាក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យសុខាភិបាលនិងវិស័យអប់រំតាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយស អាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះឯកឧត្តម Stefan Messerer និងគណៈប្រតិភូព្រមទាំងបានបញ្ជាក់ថាតាមរយៈជំនួបនាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here