នាយករដ្ឋមន្រ្តី​កាណាដា​នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​ហ្រ្វង់កូហ្វូនី​នៅ​កម្ពុជា​ ជាមួយ​នឹង​ការ​អមដំណើរ​ពី​អ្នកធុរកិច្ច​កាណាដា

ដោយៈ ចំណាន

    ភ្នំពេញៈ លោកMark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ដោយលោក Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះមានគោលបំណង ផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យធនាគារ។

ក្នុងឱកាសនេះ លោកឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ជាក់ស្តែង ការចូលរួមរបស់ថ្នាក់ដឹកនាំ ធនាគារកណ្តាលកាណាដា ក្នុងសន្និសីទថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង និងការគ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ទន្ទឹមនេះ លោកបានលើកសរសើរពីវឌ្ឍនភាព នៃវិស័យធនាគារ និងប្រព័ន្ធទូទាត់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ ពីភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដា ដែលកំពុងប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យធនាគារ និងធានារ៉ាប់រង ថែមទៀតផង។

លើសពីនេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា ការចូលរួមរបស់គណៈប្រតិភូវិនិយោគិនកាណាដា ដែលនឹងអមដំណើរលោកនាយករដ្ឋមន្ត្រីកាណាដា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជានាពេលខាងមុខ នឹងជួយបង្កើនការវិនិយោគថ្មីៗ របស់កាណាដាបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាលបានមានប្រសាសន៍ពីការរួមចំណែករបស់វិនិយោគិនកាណាដា ក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ដែលបានចូលរួមពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព។

លោកជំទាវបានរំលេចពីសក្តានុពលសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបានចែករំលែកអំពីកត្តាប្រឈមមួយចំនួន។ ទន្ទឹមនេះ លោ​កជំទាវក៏បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ការត្រួតពិនិត្យ និងយន្តការគាំទ្រផ្សេងៗដើម្បីរក្សាស្ថិរភាព និងលើកកម្ពស់ទំនុកចិត្តវិនិយោគិនលើប្រព័ន្ធធនាគារកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here