ធនាគារជាតិស្វាគមន៍ការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល

ដោយៈ គង់ ម៉ាលីនណា

  ភ្នំពេញៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាត្តឲ្យលោកសាស្រ្តាចារ្យ Tetsuya Watanabe នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១ កក្កដាកន្លងមកនេះ។

លោកជំទាវក៏បានស្វាគមន៍ ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ី ដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកជំទាវជា សិរី បានស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ី ដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ក្នុងក្តីរំពឹងថាមជ្ឈមណ្ឌលនេះ នឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រ ដល់ការរៀបចំ និងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់ នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួម ជាមួយគម្រោងសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ របស់មជ្ឈមណ្ឌលនេះផងដែរ។

លោកជំទាវបណ្ឌិត ទេសាភិបាល បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីយ៉ាងសកម្មរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងយន្តការគាំទ្រនានា សំដៅជំរុញការកៀរគរហិរញ្ញប្បទានបៃតង សម្រាប់ការវិនិយោគ និងសកម្មភាពទប់ទល់ ការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ លោកជំទាវបណ្ឌិតជា សិរីបានលើកទ្បើងពីបញ្ហាប្រឈម នៃដំណើរការស្វែងរក ហិរញ្ញប្បទានបៃតងពីប្រភពអន្តរជាតិ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការពង្រឹងយន្តការប្រមូលផ្តុំនៅក្នុងកម្រិតតំបន់ (Regional Collective Mechanisms)  ដើម្បីអាចឆ្លើយតប ទៅនឹងបញ្ហាប្រឈមទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here