ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារនៅកម្ពុជា នឹងមានកំណើនប្រហែល១០ភាគរយក្នុងឆ្នាំ ២០២៤ ដោយឡែក កំណើនធនាគារដែលធ្លាប់មានរហូតដល់២០ភាគរយ នឹងមិនអាចទៅរួចទៀតទេ។
លោករ័ត្ន សោភ័ណ នាយកប្រតិបត្តិ ធនាគារ មេយប៊ែង និងជាប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានមានប្រសាសន៍ឲ្យដឹងថា “ដោយសារវាមានមូលដ្ឋានធំគួរសម តួលេខនៃកំណើនគួរតែមានប្រហែល១០ភាគរយ ឬប្រហែល២ដង នៃអត្រាកំណើនផលិតផលក្នុងស្រុកសរុប ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទីផ្សារ ហើយមាននិរន្តរភាពនៅក្នុងរយៈពេលវែង។
នៅឆ្នាំ២០២៣ ធនាគារកម្ពុជាបានឃើញកំណើន ប្រាក់កម្ចីទាបបំផុត ក្នុងរយៈពេលពីរទសវត្សរ៍គឺ៤,៨ភាគរយ ដោយសារតែវិបត្តិអចលនទ្រព្យនៅក្នុងប្រទេស។ ប៉ុន្តែតួលេខនេះ មិនគួរឲ្យភ័យខ្លាចប៉ុន្មាននោះទេ។
លោកបានបន្តថា កំណើន៤,៨ភាគរយ គឺជាតួលេខរួមនៃកំណើនប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) និងធនាគារ។
លោកបញ្ជាក់ថា “ប្រសិនបើអ្នកក្រឡេកមើល តែតួលេខកំណើនធនាគារ វាមាន១៤ភាគរយ។ កំណើនឥណទានរបស់ធនាគារ១៤ ភាគរយ គឺខ្ពស់ជាងមីក្រូហិរញ្ញវត្ថុ ប៉ុន្តែនៅតែទាបជាងឆ្នាំមុនច្រើន”។ លោកបន្ថែមថា “ទោះជាយ៉ាងនេះក្តី កម្រិតនៃកំណើននេះ គឺមានសុខភាពល្អ និងមាននិរន្តរភាព”។
វិបត្តិនៅក្នុងឧស្សាហកម្មអចលនទ្រព្យ បានឃើញអត្រាប្រាក់កម្ចីមិនដំណើរការ (NPL) ខ្ពស់រហូតដល់៥,៤ភាគរយក្នុងឆ្នាំ២០២៣។ នេះនាំឱ្យមានវិធីសាស្រ្ត ប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការផ្តល់ប្រាក់កម្ចីជារួមពីធនាគារ។
អ្នកវិភាគក៏រំពឹងថា ឧស្សាហកម្មនេះ នឹងមានកំណើនប្រហែល ១០ភាគរយសម្រាប់ឆ្នាំ ២០២៤។
នៅក្នុងរបាយការណ៍Yuanta Securitiesបាននិយាយថា “វាមានសារៈសំខាន់ សម្រាប់វិស័យធនាគាររបស់កម្ពុជា ដែលជាអ្នកផ្តល់ប្រាក់កម្ចី ក្នុងស្រុកដ៏សំខាន់យកចិត្តទុកដាក់ លើអត្រាកំណើន និងរក្សាសមាមាត្រប្រកបដោយនិរន្តរភាព។
ឧទាហរណ៍ វិស័យឯកជនក្នុងស្រុក នៅតែមានឱកាសទទួលបានកំណើនតួលេខ ពីរខ្ទង់ចំនួន១០ភាគរយ សម្រាប់រយៈពេល៥ ឆ្នាំខាងមុខ បន្ទាប់មកបន្តកើនឡើង ក្នុងអត្រារំពឹងទុកនៃកំណើនផលិតផលក្នុងស្រុកសរុបប្រហែល៧ភាគរយ ខណៈដែលរក្សាបាននូវសមាមាត្រដែលបានកែសម្រួលប្រហែល១៤០ ភាគរយ។
របាយការណ៍បានបន្ថែមថា និរន្តរភាពអត្រាកំណើនឥណទាននាពេលអនាគត ស្រដៀងគ្នាទៅនឹងមធ្យមភាគ២០ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រហែលជាលែងមានហើយ។
“ស្ថានភាពបច្ចុប្បន្ន ទាមទារឱ្យមានវិធីសាស្រ្តតម្រង់ទិសរយៈពេលវែង ដោយផ្តោតទៅលើគុណភាព ជាជាងបរិមាណកំណើនសុទ្ធសាធ។ តាមរយៈការអនុវត្តវិធីសាស្រ្ត ប្រកបដោយទំនួលខុសត្រូវ និងប្រុងប្រយ័ត្ន ភាគីពាក់ព័ន្ធអាចកាត់បន្ថយហានិភ័យ ដែលអាចកើតមាន និងធានាបាននូវស្ថិរភាព និងសុខភាពនៃឧស្សាហកម្មធនាគារ និងសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា។
សម្រាប់រយៈពេលដ៏ខ្លី អ្នកវិភាគផ្សេងទៀតនិយាយថា ការប្រឈមទៅនឹងឧស្សាហកម្មសំណង់ និងអចលនទ្រព្យនឹងបន្តផ្តល់ការលំបាក ដល់ធនាគារកម្ពុជានៅឆ្នាំ២០២៤ ។
នៅក្នុងរបាយការណ៍ឆ្នាំ២០២៣S&P Global ស្តីពី “ការវាយតម្លៃហានិភ័យឥណទាន ឧស្សាហកម្មធនាគារ (BICRA)) បានអោយដឹងថា ក្នុងចំណោមបណ្តាប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានហានិភ័យខ្ពស់។
លោក Ruchika Malhotra អ្នកវិភាគឥណទានរបស់ S&P បាននិយាយថា “ហានិភ័យខ្ពស់ធ្វើឱ្យធនាគារ ប្រឈមនឹងការកែតម្រូវ ជាពិសេសសំណង់ និងអចលនទ្រព្យ ដែលមានជិតមួយភាគប្រាំ” ដោយបន្ថែមថា ប្រាក់ចំណេញរបស់ធនាគារក្នុងស្រុក នឹងនៅតែស្ថិតក្រោមសម្ពាធក្នុងអំឡុងឆ្នាំ។
ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ធនាគារពាណិជ្ជ បានធ្លាក់ចុះ៤៥ភាគរយ មកនៅត្រឹម៤៩០,៧លានដុល្លារក្នុងឆ្នាំ២០២៣ ដោយសារអត្រាការប្រាក់ខ្ពស់ និងការចំណាយលើការផ្តល់សេវា (៦៨ភាគរយ)៕