ជប៉ុនបើកការដ្ឋានសាងសង់កាសុីណូធំជាងគេបំផុតមួយនៅក្នុងតំបន់អាសុី ក្រោមទុនវិនិយោគ៩ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា គម្រោងរមណីយដ្ឋានកាសុីណូដ៏ធំជាងគេ និងដំបូងបង្អស់ក្នុងប្រទេសជប៉ុនបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានស្នើឡើងតាំងពី២៥ឆ្នាំមុន។

កាសុីណូនេះនឹងលេចរូបរាងឡើងនៅលើកោះសិប្បនិម្មិតលើឆ្នេរសមុទ្រ Osaka Bay ស្ថិតនៅភាគខាងលិចរបស់ប្រទេសជប៉ុន។ គម្រោងនេះជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនកាសុីណូអាមេរិក MGM Resorts International និងធនាគារជប៉ុន Orix Corp ។

គម្រោងនេះត្រូវបានគេសម្រេចដាក់ឈ្មោះថា ជារមណីយដ្ឋាន “Orix Integrated Resort”ស្ថិតក្រោមដើមទុនវិនិយោគសរុបចំនួន១,២៧ទ្រីលានយ៉េន (ប្រមាណ៩ពាន់លានដុល្លារអាមេរិក) ដែលគ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រមណីយដ្ឋាន “Orix Integrated Resort” នឹងអាចក្លាយជាកាស៊ីណូធំជាងគេបំផុតទី១ នៅតំបន់អាស៊ី ដោយអាចរកប្រាក់ចំណូលសរុបពីការលេងល្បែងសុីសងចំនួន៥,៩ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅពេលបើកដំណើរការ។

ការណ៍នេះនឹងធ្វើឱ្យប្រទេសជប៉ុនក្លាយជាទីផ្សារហ្គេមសុីសងដ៏ធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងទីក្រុងម៉ាកាវរបស់ប្រទេសចិន។នេះបើយោងទៅតាមការវិភាគដោយស្ថាប័ន Bloomberg Intelligence ។

កាល​ពី​ឆ្នាំ​មុន កាសុីណូ “Galaxy Macau”ជា​កាស៊ីណូ​ធំ​ជាង​គេ​លេខ១ នៅ​តំបន់អាស៊ី ដោយ​ទាញ​បាន​ប្រាក់​ចំណូល​សរុប​ពីការ​លេង​ហ្គេម​ប្រមាណ៤,៥ពាន់​លាន​ដុល្លារអាមេរិក។

បន្ថែមពីលើកាស៊ីណូ រមណីយដ្ឋាន “Orix Integrated Resort” ក៏នឹងដាក់បញ្ចូលផងដែរនូវសណ្ឋាគារចំនួន៣អគារ បន្ទប់សាលប្រជុំ សាលសន្និបាត និងសាលប្រគុំតន្ត្រី រួមជាមួយភោជនីយដ្ឋាន និងហាងលក់ទំនិញ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here