កម្ពុជា វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

(ហាណូយ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តយន្តការដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាពនិងពេញលេញ ជាពិសេសការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូក១ អាសិប និងកិច្ចសហប្រតិបត្តិការក្រោមអង្គការពាណិជ្ជកម្មពិភពលោក។

នាឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

LEAVE A REPLY

Please enter your comment!
Please enter your name here