ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ផែនទីព្យាករណ៍ហានិភ័យទឹកជំនន់ សម្រាប់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា នៅឆ្នាំសារពើពន្ធ២០២៥ ដើម្បីជួយដល់បណ្តាប្រទេសអាស៊ានទាំង៤នេះ ក្នុងការកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។
ផែនទីនេះអាចបង្ហាញពីភាពញឹកញាប់ និងជម្រៅនៃការជន់លិច ដែលបណ្តាលមកពីទឹកជំនន់ ខណៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបោះពុម្ពផ្សាយផែនទីហានិភ័យទឹកជំនន់ សម្រាប់តំបន់ផ្សេងៗនៃប្រទេសរបស់ខ្លួនរួចទៅហើយ។
ភាគីជប៉ុនបានចាត់ទុកថា ផែនទីនេះមានសារៈប្រយោជន៍សម្រាប់វៀតណាម ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ព្រោះផែនទីនេះអាចបង្ហាញយ៉ាងច្បាស់ពីហានិភ័យនៃទឹកជំនន់នៅក្នុងតំបន់គោលដៅ ខណៈប្រទេសទាំង៤ តែងតែរងគ្រោះដោយទឹកជំនន់ទ្រង់ទ្រាយធំ។ក្រសួងបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសទាំង៤ នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដើម្បីជ្រើសរើសតំបន់គោលដៅ ខណៈខ្លួនគ្រោងនឹងផ្តល់កំណែគំរូនៃផែនទីដល់ប្រទេសនីមួយៗនៅចុងឆ្នាំសារពើពន្ធ២០២៥។
បន្ថែមពីលើការរៀបចំគោលការណ៍ណែនាំ ដែលរួមមាននីតិវិធីសម្រាប់បង្កើតផែនទី ក្រសួងក៏នឹងជួយអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកម្មវិធីបណ្តុះបណ្តាលផងដែរ។ ផែនទី ត្រូវ បាន គេ រំពឹង ថា នឹង ដាក់ ឱ្យ ប្រើប្រាស់ ជា សាធារណៈ ក្នុង ប្រទេស នីមួយៗ។
ស្របពេលជាមួយគ្នានេះ បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងបំពេញប្រតិបត្តិការស្រាប់នៅក្នុងប្រទេសទាំង៤ ដូច្នេះ ផែនទីនេះនឹងជួយពួកគេក្នុងការបង្កើតផែនការអាជីវកម្ម ដូចជាការតៀមខ្លួនចំពោះគ្រោះមហន្តរាយ និងការជ្រើសរើសទីតាំងការិយាល័យ ឬរោងចក្ររបស់ពួកគេឱ្យបានត្រឹមត្រូវ ដើម្បីគេចផុតពីការជន់លិច។
បន្ថែមពីលើនេះ រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួង ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ក៏ កំពុង ពិចារណា ផ្តល់ ផែនទី ស្រដៀង គ្នា នេះ សម្រាប់ បណ្តាប្រទេស ផ្សេង ឯៗទៀតផងដែរ៕ប្រភព: VNA៕