រដ្ឋ-ឯកជន​ បើក​កិច្ច​ប្រជុំ​បន្ទាន់​រួមគ្នា​ដាក់​ចេញ​យុទ្ធសាស្ត្រ​ និង​វិធាន​ការ​គន្លឹះ​ ដើម្បី​ស្តារ​វិស័យទេសចរណ៍​កម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ វិស័យរដ្ឋ និងឯកជន បានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(ក.ផ.ផ.) ដោយដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ និងសកម្មភាពអនុវត្តន៍ជាក់ស្តែង ដើម្បីស្តារ និងពង្រឹងទំនុកចិត្តទេសចរអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរអន្តរជាតិ ពីទីផ្សារគោលដៅមកកាន់កម្ពុជាឡើងវិញ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹក​នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមានមន្រ្តីមកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។

នេះក៏ជាកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាភិបាល ដែលរៀបចំឡើងដើម្បីវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈមសំខាន់ៗដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈ ដែលជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ “បូក១” តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត ការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយ ជាមួយស្ថាប័នសារព័ត៌មា​នអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍។

ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោ​បាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ មកកម្ពុជានៅពេលខាងមុខ ដូចជា ការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026 ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ មួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និង ដើមឆ្នាំ២០២៧។

លោកហួត ហាក់បានបញ្ជាក់បន្ថែមថា “នៅ​ក្នុងកាលៈទេសៈដ៏លំបាក គឺទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួម​ឯកភាព ជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ពង្រឹងភាពធន់បន្ថែមទៀត និងពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់ នៃវិស័យទេសចរណ៍កម្ពុជា និងម៉្យាងទៀតបន្តជំរុញសន្ទុះ វិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកប​ដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនឱ្យទាន់សភាពការណ៍ សំ​ដៅ​​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានភាពរឹងមាំ និងនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here