ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីបានបង្ហាញសុទិដ្ឋនិយមថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគពីសំណាក់វិនិយោគិន អាមេរិកនៅកម្ពុជា នឹងកាន់តែមានភាពវិជ្ជមានថែមទៀត បន្ទាប់ពីគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំប្រទេសភ្នំពេញ បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកិត្តិយសមួយដែលបានធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំមកកាន់ប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី២១-២២ ខែកក្កដា។
ស្ថានទូតអះអាងថា “ដំណើរទស្សនកិច្ចនេះ គឺបានជួយតភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនអាមេរិកឈានមុខគេមួយចំនួនជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា”។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតលើកឡើងថាដំណើរទស្សនកិច្ចនេះ ផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើនឱកាសចូលទៅទីផ្សារ និងការបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ចអាមេរិក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
គណៈប្រតិភូដែលធ្វើដំណើរមកកម្ពុជា ត្រូវបានដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Brian McFeeters រួមមានតំណាងមកពីក្រុមហ៊ុនដែលធ្វើការក្នុងវិស័យសុខាភិបាល ឧស្សាហកម្មកែច្នៃ ថាមពល សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មបដិសណ្ឋារកិច្ច។
ក្រុមហ៊ុនទាំងនេះ តំណាងឱ្យការផ្តល់ជូនល្អៗពីអាមេរិក ដោយបានកំណត់ស្តង់ដារសកល សម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេលដែលក្រុមហ៊ុនអាមេរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជា ពួកគេអាចបង្កើតការងារ អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចតេជោហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតលើជំហានជាក់ស្តែង ក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយាកាសធុរកិច្ច និងបើកឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាមេរិក។
គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្តុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ ដោយធានាបាននូវការផ្សារភ្ជាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយ ទំនួលខុសត្រូវ។
ភារធារីស្ថានទូតអាមេរិក លោកស្រី Aleks Zittle បានមានប្រសាសន៍ថា គណៈប្រតិភូរួមមានថ្នាក់ដឹកនាំ ក្នុងវិស័យឧស្សាហកម្ម ដែលតំណាងឱ្យនវានុវត្តន៍ ដែលល្អបំផុតពីអាមេរិក ការវិនិយោគ និងសហគ្រិនភាពអាមេរិក។ ក្រុមហ៊ុនទាំងនេះ បានធ្វើអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។
លោកស្រីបន្តថា “ពួកគេបានឆ្លុះបញ្ចាំង ពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា”។
ស្ថានទូតអាមេរិកបានអះអាងថា ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាមេរិក អាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជា នាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំង២។
ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-អាមេរិក បានបង្ហាញពីភាពល្អប្រសើរជាលំដាប់។ អាមេរិក គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី២ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន៕










