លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលជួបជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)ដើម្បីទាក់ទាញការវិនិយោគ

ដោយៈ គង់ ម៉ាលីនណា

        តូក្យូៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះJETRO សម្រាប់ការជួយគាំទ្រដល់សកម្ម​​ភាពជំរុញ និងទាក់ទាញវិនិយោគនានា ដែលផ្តួចផ្តើមឡើងដោយកម្ពុជា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាព នៃការដោះស្រាយបញ្ហានានា ដែលលើកឡើងដោយក្រុមហ៊ុនជប៉ុន ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា- ជប៉ុន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែម សំដៅពន្លាតវិសាលភាព នៃកិច្ចសហប្រតិ​បត្តិការលើ កិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធន៍ អំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់កិច្ចសម្រួល វិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។

ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យ នៃដំណើរបេសកកម្មគោះទ្វារវិនិយោ​គិន ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។

ក្នុងស្មារតីនេះ លោកប្រធានបានឯកភាព ជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុនដែលកំពុងមានអត្ថិភាពនៅកម្ពុជា នឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុន ដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួន នឹងជ្រើសយកកម្ពុជា ជាទីតាំង សម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here