ទេសាភិបាកធនាគារជាតិចូលរួមចែករំលែកបទពិសោធន៍ក្នុងវេទិកាលំដាប់ពិភពលោកនៅទីក្រុងឌូបៃ

        ដោយៈ គង់ ម៉ាលីនណា

        ឌូបៃៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ “មូលធនប្រកបដោយចីរភាព៖ ហិរញ្ញវត្ថុដែលគិតគូរពីបរិស្ថាន” នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

វេទិកាពិភាក្សានេះ ត្រូវបានរៀបចំជាកម្មវិធីពិសេសមួយ នៃកិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃ Dubai Fintech Summit ក្នុងគោលបំណងពិភាក្សា និងចែករំលែកទស្សនៈ ទាក់ទងនឹងតួនាទីរបស់ធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែ កលើកកម្ពស់បរិស្ថានបៃតង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវទេសាភិបាល បានថ្លែងក្នុងវេទិកានោះ អំពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការជំរុញនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយការចំណាយក្នុងការផ្ទេរប្រាក់របស់ប្រជាជន។

លើសពីនេះ លោកជំទាវបានចែករំលែក បទពិសោធន៍នៃការវិនិយោគទុនបម្រុងអន្តរជាតិរបស់ ធនាគារជាតិនៃកម្ពុជាលើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលត្រូវបានបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សំដៅរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន។

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ១.០០០រូប ជាអ្នកតាក់តែងគោលនយោបាយ វិនិយោគិន សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ  និងអ្នកសារព័ត៌មាន ដែលមកពីប្រទេសជាង១០០ទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here