តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ស្របពេលសេដ្ឋកិច្ចចិនបង្ហាញសញ្ញាប្រសើរឡើង និងខណៈដែលការចរចាដើម្បីបញ្ឈប់អរិភាពក្នុងការប្រឈមមុខដាក់គ្នារវាងអុីស្រាអែល និងក្រុមហាម៉ាសមិនទទួលបានលទ្ធផលអ្វីនោះទេ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៧សេន ដល់៨៤,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤១សេន ដល់៧៩,៦៤ដុល្លារគិតត្រឹមម៉ោងសកល 0003 GMT ។

ក្រសួងការងារអាមេរិកបានរាយការណ៍ថា  ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងពេលគ្មានការងារធ្វើ បានកើនឡើងចំនួន២២.០០០នាក់ ដល់២៣១.០០០នាក់កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍ត្រឹមតែ២១៥.០០០នាក់។

ទិន្នន័យខាងលើនេះបង្ហាញឱ្យឃើញពីការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងទីផ្សារការងារអាមេរិក ដែលជំរុញការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លឿនជាងការរំពឹងទុកពីមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសខ្ពស់បំផុត ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីរបាយការណ៍ខាងលើស្តីពីទីផ្សារ ការងារ របស់ សហរដ្ឋ អាមេរិក បាន ជំរុញឱ្យមាន សុទិដ្ឋិនិយម ជុំវិញ ការ កាត់ បន្ថយ អត្រា ការ ប្រាក់ នៅ ឆ្នាំ នេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៤៧ភាគរយ គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៤១ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here