ឥណ្ឌូនេសុីទាក់ទាញបានលំហូរមូលធនកាន់តែច្រើន បន្ទាប់ពីដំឡើងអត្រាការប្រាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេសុី បានថ្លែងថា ធនាគារនេះមិនចាំបាច់ដំឡើងអត្រាការប្រាក់បន្ថែមទៀតទេ ដោយសារការដំឡើងកាលពីខែមុនបានទាក់ទាញលំហូរមូលធន និងធ្វើឱ្យរូបិយប័ណ្ណមានស្ថេរភាពរួចទៅហើយ។

នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ លោក Warjiyo បានអះអាងថា ធនាគារកណ្តាលឥណ្ឌូនេស៊ី កំពុងខិតខំប្រឹងប្រែង ដើម្បីពង្រឹងបន្ថែមទៀតនូវអត្រាប្តូរប្រាក់របស់ប្រាក់រូពៀធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលបានហក់ឡើងលើសពី១៦.០០០រូពៀក្នុងមួយដុល្លារ។លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ធនាគារកណ្តាលតែងតែគិតគូរពីទស្សនវិស័យអតិផរណា អត្រាប្តូរប្រាក់ និងកំណើនសេដ្ឋកិច្ច មុននឹងធ្វើការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន”។

លោក Warjiyo បានគូសបញ្ជាក់ថា “អ្វីគ្រប់យ៉ាងនៅតែអាស្រ័យលើទិន្នន័យ ប៉ុន្តែបើផ្អែកលើទិន្នន័យបច្ចុប្បន្ន បង្ហាញថា ធនាគារកណ្តាលឥណ្ឌូនេសុីមិនចាំបាច់ដំឡើងអត្រាការប្រាក់តទៅទៀតឡើយ”។

ប្រាក់រូពៀបានធ្លាក់ថ្លៃចុះមកនៅត្រឹម១៦.២៨៥រូពៀ ក្នុងមួយដុល្លារអាមេរិកកាលពីខែមេសាកន្លងទៅ ដែលជាកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្តាលមកពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមូលធនហូរចេញពីប្រទេសឥណ្ឌូនេសុី និងជាហេតុធ្វើឱ្យឥណ្ឌូនេសុីដំឡើងអត្រាការប្រាក់កាលពីខែមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា ទុនបម្រុងរូបិយប័ណ្ណបរទេសនៅក្នុងខែមេសារបស់ឥណ្ឌូនេសុី បានធ្លាក់ចុះចំនួន៤,២ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេល១១ខែកន្លងមកនេះ ដោយសារចំណាត់ការគាំទ្ររបស់ខ្លួនសម្រាប់រូបិយប័ណ្ណក្នុងស្រុក៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here