តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានបង្ហាញសញ្ញាពីការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង គួបផ្សំនឹងក្តីសង្ឃឹមចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fedនៅចុងឆ្នាំនេះ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានកើនឡើង២៣សេនដល់៨៣,៨១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresសម្រាប់ខែមិថុនា បានកើនឡើង២៩សេន ដល់៧៩,២៨ដុល្លារក្នុងមួយបារ៉ែល។

ទីផ្សារកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីសន្ទស្សន៍តម្លៃអ្នកផលិត (PPI) និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសារបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ។ទិន្នន័យអតិផរណាទាំង២នេះនឹងក្លាយជាសូចនាករសម្រាប់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ប្រមាណ០,៤ភាគរយ ក្នុងចំនួន២លើក នៅម្តុំដំណាច់ឆ្នាំ២០២៤នេះ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៥ភាគរយដល់ត្រឹម១០៥,៥៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសចិននៅក្នុងខែមេសា និងទិន្នន័យប្រាក់បៀវត្សរ៍ពីប្រទេសជប៉ុន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,០២ភាគរយ គិតត្រឹមម៉ោង១០:០៣នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៧៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៩២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៨៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៧៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here