តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២%ដល់២៣០៨,១៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៤ភាគរយដល់២៣១៦,៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

ទីផ្សារកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីសន្ទស្សន៍តម្លៃអ្នកផលិត (PPI) និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសារបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ។ទិន្នន័យអតិផរណាទាំង២នេះនឹងក្លាយជាសូចនាករសម្រាប់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ប្រមាណ០,៤ភាគរយ ក្នុងចំនួន២លើក នៅម្តុំដំណាច់ឆ្នាំ២០២៤នេះ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៥ភាគរយដល់ត្រឹម១០៥,៥៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០២%ដល់២៧,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៤ភាគរយដល់៩៧៥,០២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៩ភាគរយដល់៩៥៣,៦៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០២នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here