រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួមកម្មវិធីពិសេសមួយរបស់អង្គការពាណិជ្ជកម្មពិភពលោក

        ដោយៈ និស្ស័យ

        ហ្សីណែវៈ លោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

បានចូលរួមពិធីប្រគល់ជូន និងដាក់តម្កល់លិខិតុបករណ៍ នៃការទទួ​លយកពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល ជូនលោកស្រី Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក។

លោកស្រីអគ្គនាយិការង បានថ្លែងអំណរគុណកម្ពុជាផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែង និងអបអរសាទរកម្ពុជា សម្រាប់ការផ្តល់ជូននូវលិខិតុបករណ៍ នៃការទទួលយកពិធីសារខាងលើនេះ។ ជាមួយនេះ លោកស្រី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ សម្រាប់និរន្តរភាពធនធានជលផល សំដៅទទួលបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ សម្រាប់គ្រប់គ្រងសកម្ម​ភាពនេសាទសមុទ្រខុសច្បាប់ ពុំមានការរាយការណ៍ និងការគ្រប់​គ្រងពុំបានត្រឹមត្រូវ ជាពិសេស ដើម្បីរឹតត្បិតសកម្មភាពឧបត្ថម្ភធនជលផល និងធានាចីរភាពនៃធនធានជលផល សមុទ្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Angela ELLARD បញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ប្រទេសកម្ពុជា ដែលជលផលបាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងនាមកម្ពុជាជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចភ្ជាប់ ទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សានិរន្តរភាពនៃធនធានជលផលពិភពលោក។

កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ឈរលេខរៀងទី១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លេខរៀងទី៧ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចសរុបចំនួន៣៦ និងលេខរៀងទី៧៣ នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានតម្កល់លិខិតុបករណ៍ នៃការទទួលយកពិធីសារខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here