លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលទស្សនកិច្ចនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនដើម្បីទាក់ទាញការវិនិយោគ

        ដោយៈ គង់​ ម៉ាលីនណា

        ទីក្រុងតូក្យូៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូកម្ពុជាមកពីក.អ.ក., ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមឧកញ៉ា​កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការ AJC ក្នុងគោលបំណងផ្លាស់ប្តូរធាតុចូលស្តីពី កិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក.អ.ក. និង AJC។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះសមភាគីដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រជូនចំពោះ ក.អ.ក. ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែ​កលើកកម្ពស់ រំហូរវិនិយោគជប៉ុនទៅកាន់កម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួល សម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការបន្តរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានឆ្លៀតឱកាសនៃជំនួបដ៏ប្រពៃខាងលើដើម្បីបង្ហាញ និងពន្យល់អំពីលក្ខខណ្ឌច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាដែលបានជ្រើសយកប្រទេសជប៉ុន ជាគោលដៅនៃបេសកកម្មដ៏ឧត្តុង្គឧត្តមនាពេលនេះ ហើយលោកអគ្គលេខាធិការ បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងទាក់ទាញបាននូវគម្រោងវិនិយោគ មកពីគ្រប់ទិសទីឱ្យកាន់តែមានកំណើនជាលំដាប់។

បន្ថែមពីនេះ លោកអគ្គលេខាធិការ ក៏បានបង្ហាញនូវការគាំទ្រជាវិជ្ជមានជូនចំពោះក.អ.ក. សម្រាប់កិច្ចសហប្រតិបត្តិការនានា នៅពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here