អភិបាលខេត្តចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅកាន់ តំបន់សេដ្ឋកិច្ចពិសេស

        ដោយៈ ម៉ាលីនណា

        ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាត ភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្នុងដំណើរចុះពិនិត្យនាព្រឹកថ្ងៃទី២៤ មេសា លោកគួច ចំរើនមានប្រសាសន៍ថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ គឺខ្វះបណ្តាញទុយោទឹក ភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាត នៅក្នុងតំបន់សេដ្ឋកិច្ចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឱ្យយើងតបណ្តាញមេ ចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីធ្វើការចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។

លោកអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការតបណ្តាញទឹកស្អាត ទៅតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានលឿនឆាប់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃបានទាន់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារឆ្នាំ២០២៤នេះ រដូវប្រាំងបានអូសបន្លាយ ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការខ្វះខាតទើប តំបន់សេដ្ឋកិច្ចពិសេ​សបានស្នើឱ្យក្រុមហ៊ុនអានកូ តបណ្តាញទឹកស្អាតចូលទៅអាងស្តុបទឹករបស់តំបន់សេដ្ឋកិច្ច ដើម្បីធ្វើការចែកចាយបន្ត ទៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមមាញឹកក្នុងការតបណ្តាញទុយោថ្មីចំនួន២ខ្សែ ក្នុងមួយខ្សែៗមានមុខកាត់៤០០មីលីម៉ែត្រ និងមានប្រវែងជាង២គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃ១ម៉ឺនម៉ែត្រគូប។ ចំពោះការតបណ្តាញថ្មីនេះ គ្រោងចំណាយពេលចំនួនពីរថ្ងៃ សង្ឃឹមថា នៅពេលខាងមុខតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងមិនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here