ដោយៈ ម៉ាណា
ភ្នំពេញៈ កំណើនអតិផរណា ដែលបណ្តាលមកពីអស្ថិរភាពនៃតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ បានជំរុញឱ្យធនាគារជាតិនៃកម្ពុជា(NBC) ធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះនឹងមានកំណើនក្នុងអត្រា៣,៩% និងរំពឹងកើនដល់៥% ក្នុងឆ្នាំ២០២៧។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា ដែលធ្វើឡើងកាលពីសប្តាហ៍មុន ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីដើមឆ្នាំ២០២៦ ព្រមទាំងបញ្ហាប្រឈមខាងក្នុងដែលកម្ពុជាកំពុងជួបប្រទះ (ជម្លោះព្រំដែនដែលបង្កឡើងដោយភាគីថៃ)បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលអវិជ្ជមានមួយចំនួន។
NBC បញ្ជាក់ថា យោងតាមការវិភាគរបស់ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថាមានអត្រា ៣,៩% និងរំពឹងនឹងកើនក្នុងអត្រា៥% ក្នុងឆ្នាំ២០២៧ ដែលគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើងនៃផលិតកម្មក្នុងស្រុក”។
NBC បានឱ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ អត្រាអតិផរណារួមមានកម្រិត៤,៩% ដោយសារថ្លៃប្រេងឆៅពិភពលោក ហក់ឡើងខ្ពស់ដែលបង្កឡើង ដោយការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប្រាក់រៀលបន្តមានស្ថិរភាពល្អ ដោយអត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០១៧ រៀលក្នុង ១ដុល្លារអាមេរិក ដែលបានរួមចំណែកដ៏សំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាកម្មទូទៅនៅលើទីផ្សារ។
បន្ថែមលើនេះបរិមាណទុនបម្រុងអន្តរជាតិ រក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង៨ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ធៀបនឹងចំនួន៣ខែ ដែលជាកម្រិតស្តង់ដាសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
NBC បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងបរិការណ៍នៃការកើនឡើងនៃហានិភ័យខាងក្រៅ និងហានិភ័យក្នុងស្រុក ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ឥណទានអតិថិជនកើនឡើង៤,៦% ដែលរួមចំណែកដល់សកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្មក្នុងស្រុក កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងកម្មន្តសាល ជាដើម។ ដោយឡែក ប្រាក់បញ្ញើអតិថិជនមានកំណើន ៤,៤%។
ក្នុងស្ថានភាពដែលបរិវត្តកម្មបច្ចេកវិទ្យាត្រូវបានរំពឹងថា នឹងបន្តកើនល្បឿន វិស័យហិរញ្ញវត្ថុនឹងត្រូវទាញយកអត្ថប្រយោជន៍ ពីនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុឌីជីថល ប៉ុន្តែក៏ត្រូវគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងសន្តិសុខសាយប័រ អភិបាលកិច្ចទិន្នន័យ ការការពារអ្នកប្រើប្រាស់ និងនិរន្តរភាពប្រតិបត្តិការឱ្យបានប្រុងប្រយ័ត្នផងដែរ។
NBC បានអះអាងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធដូចជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពថែមទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីដើមខែកក្កដា បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះនឹងសម្រេចបានក្នុងអត្រាកំណើន ៣% (ទម្លាក់ពី ៤% ដែលព្យាករកាលពីខែមេសា) ហើយនឹងកើនឡើង ៤% ក្នុងឆ្នាំ២០២៧។
ដោយឡែកធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៦ នេះកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,១% និងក្នុងឆ្នាំ២០២៧ មានអត្រា៤,៧%៕










