ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្ដីពីការប្រើប្រាស់FMIS ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពពាក់ព័ន្ធ។
គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៣១ បន្ថែមទៀតបានទទួលឱកាសថ្មី ក្នុងការធ្វើបរិវត្តកម្មការងារពីបែបផលិតកម្ម ទៅការអនុវត្តការងារដើម្បីផលិតភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលទំនើប គឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលនឹងអនុវត្តនីតិវិធីថវិកា ចំណាយចរន្តទាំងស្រុងតាមប្រព័ន្ធនេះ ។
នេះជាការបញ្ជាក់ជូនដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ”។
ជាការពិត ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការកែទម្រង់គ្រប់វិស័យ និងការធានាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដែលស្របនឹងលទ្ធផលវាយតម្លៃ ដោយដៃគូអភិវឌ្ឍន៍នានាថា ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនឹងផ្ដល់តម្លៃបន្ថែម ដល់ផលិតភាពការងាររបស់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពរដ្ឋបាលសាធារណៈ រួមទាំងវិស័យឯកជន។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាមFMIS ទាំងស្រុងកន្លងមក នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៩ បានផ្ដល់លទ្ធផលគួរជាទីមោទនៈ ជាពិសេស បានកាត់បន្ថយនូវការប្រើប្រាស់ ក្រដាសស្នាមលើប្រតិបត្តិការហិរញ្ញវត្ថុ និង បានកាត់បន្ថយជំហាននៃប្រតិបត្តិការ ប្រើប្រាស់ក្រដាសស្នាមពីចំនួន៨ជំហាន មកត្រឹម៥ជំហាន និងកាត់បន្ថយរយៈពេលនៃការទូទាត់មកត្រឹម៣ ថ្ងៃគិតជាមធ្យម ដោយប្រើប្រាស់FMIS ។
ព័ត៌មាន និងរបាយការណ៍ អាចផលិតបានភ្លាមៗ សម្រាប់ការធ្វើសេចក្ដីសម្រេចនានារបស់ថ្នាក់ដឹកនាំ ទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលផ្ទាល់ ទាំងក្រសួង-ស្ថាប័នអាណាព្យាបាលបច្ចេកទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស សម្រាប់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល។
លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន២គឺ សកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងរាជបណ្ឌិតសភាកម្ពុជា ដែលបានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្ដែង ដែលទទួលបានពីការប្រើប្រាស់FMIS បន្ទាប់ពីបានអនុវត្តរួចចាប់តាំងពីដើមឆ្នាំ ២០២៥ កន្លងមក ។
លោកបញ្ជាក់ថា “សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ក្នុងការធានាការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់គ្រឹះស្ថាន សាធារណៈរដ្ឋបាលទាំងនេះ លើសេវាអប់រំ សុខាភិបាល សង្គមកិច្ច ទេសចរណ៍ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងវប្បធម៌ជាដើម ដែលនឹងក្លាយជាបច្ច័យដ៏សំខាន់បំផុត សម្រាប់នាំឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កម្មវិធីបញ្ជ្រាបការយល់ដឹង លើការប្រើប្រាស់FMIS ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៣១ រួមទាំងក្រសួងជាអាណាព្យាបាល និងអង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការអនុវត្តនីតិវិធី ចំណាយថវិកាចរន្តតាមFMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ២០២៧៕








