រដ្ឋាភិបាលកម្ពុជា ចិនសម្រេចបានលទ្ឋផលអ្វីខ្លះក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិន

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្ត្រី​ការបរទេស បានអញ្ជើញមកបំពេញទស្ស​នកិច្ចនៅកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកវ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

លោកវ៉ាង យី ក៏បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី ៧ ជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងបានអញ្ជើញជួប ប្រជុំទ្វេភាគីជាមួយ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានឯកភាពគ្នាថាកម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្គរ ដែលនាំមកនូវផលប្រយោជន៍រូបវន្ត ដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាព ធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភា-វូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។

ភាគីចិនបានគូសបញ្ជាក់សារជាថ្មី នូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ លើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បី​សម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ ប្តូរការងារស្តីពីអភិបាលកិច្ច។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា មានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន។

ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបន្សំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការ សម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឈមណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀត នៃច្រករបៀងមច្ឆា និងអង្ករ និងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

ភាគីទាំងពីរ នឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីកម្ពុជា -ចិនប្រកបដោយគុណភាពខ្ពស់ ជំរុញការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។

ភាគីទាំងពីរបានឯកភាព ក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ បង្កើនជើងហោះហើរទ្វេរទិសប្រកប​ដោយ សណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ខ្លួន និងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជា នឹងគាំទ្រដល់ការបើកដំណើរការ ឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។

ភាគីទាំងពីរបានបានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, និងគំនិតផ្តួចផ្តើមអារ្យធម៌សកល, ព្រមទាំងបង្កើនការសម្របសម្រួលបន្ថែមទៀតនៅក្នុងវេទិកានានាដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរបានឯកភាពក្នុងការបម្រើផលប្រយោជន៍រួម របស់ប្រទេសក្នុងតំបន់ ដើម្បីការពារសន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាក និងជំរុញការអភិវឌ្ឍ និង វិបុលភាពនៅក្នុងតំបន់។

ភាគីទាំងពីរបានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់ លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ការសន្និដ្ឋានជាជំហានដំបូង។

ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។ ភាគីទាំងពីរបានចូលរួមពិធីប្រកាស និងផ្សព្វផ្សាយសៀវភៅស្តីពីប្រពៃណីរបស់កម្ពុជាជាខេមរភាសា ដែលបានបកប្រែពីភាសាចិន និងពិធីសម្ពោធ ការនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here