តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ប្រេងឆៅ ដែលមាននៅក្នុងស្តុករបស់សហរដ្ឋអាមេរិកបានថយចុះចំនួន៣,២៣លានប៉ារ៉ែលកាលពីសប្តាហ៍មុន ដែលការណ៍នេះជាសញ្ញាវិជ្ជមានសម្រាប់តម្រូវការ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩សេន ដល់៨៨,៥១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១០សេនដល់៨៣,៤៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0031 GMT។

ទន្ទឹមនឹងនេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលទិន្នន័យ GDP របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ ខណៈទិន្នន័យទាំងនេះ អាចផ្តល់តម្រុយបន្ថែមទៀតអំពីសុខភាពនៃសេដ្ឋកិច្ចរបស់អាមេរិក និងពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ស្របពេលជាមួយគ្នានេះដែរ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៦០ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះលទ្ធផលប្រាក់ចំណូលពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ១,៦ភាគរយ គិតត្រឹមម៉ោង១០:០០នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,០៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៧៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៨៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៤១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៩១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here