កម្ពុជាគ្រោងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្រិតអាស៊ានជាលើកទី៣ នាខែមិថុនាខាងមុខ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ នឹងបន្តបើកវគ្គសិក្សានេះជាលើកទី៣បន្តទៀតនៅកម្ពុជា ដើម្បី​លើក​កម្ពស់ជំនាញបច្ចេក​ទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។

លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​ពិធី​បិទ​វគ្គបណ្តុះបណ្តាល ក្រោមគម្រោង ASEAN-ROK TVET Mobility Programme នៅព្រឹក​ថ្ងៃ​ទី​២៣ ខែមេសាថា វគ្គបណ្តុះ​បណ្តាល​ជំនាន់ទី២ នេះ​មាន​សិក្ខាកា​ម​ចូល​រួមចំនួន២៥នាក់ ក្នុងនោះសិក្ខាកាមជាគ្រូចំនួន៩នាក់ និងសិស្សចំនួន១៦នាក់ មកពី​៦​ប្រទេស​ផ្សេងគ្នា។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ខែ ចាប់ពី​ថ្ងៃ​ទី​៣១ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះរយៈពេល២ខែ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ និងរយៈពេល១ខែ ត្រូវអនុវត្តការងារជាក់ស្តែង នៅតាមរោងចក្រ សហ​គ្រាសនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាកាមកម្ពុជា ២រូប កញ្ញា ប៉ាន ណាវី និងលោក ឃត ច័ន្ទសុភ័ក្តត្រា និស្សិតឆ្នាំទី៥ ជំនា​ញ​ផ្នែក​អគ្គិសនីដូចគ្នា នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានលើកឡើងថា ពិតជា​អារម្មណ៍​រំភើប​សប្បា​យរីករាយ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ ពីព្រោះទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ ក្នុង​វិស័យ​បណ្តុះ​បណ្តាលជំនាញ បច្ចេ​កទេស និងវិជ្ជាជីវៈ ក៏ដូចជា ការពង្រីក​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងសិក្ខាកាមនានាមកបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ជាពិសេស ទទួលបាន​នូវ​ចំណេះ​ដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើ​ឱ្យ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ស្វ័យ​ប្រវត្តិកម្ម នៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោង ASEAN-ROK TVET Mobility Programme នេះ ត្រូវ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ​ដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងសភា​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​កូរ៉េ នៃសាធារ​ណរដ្ឋកូរ៉េ The Korea Chamer of Commerce and Industry (KCCI) និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជា​អ្នកអនុវត្តគម្រោង។

គម្រោងនេះដែរ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុង​បណ្តា​ប្រទេសជាសមាជិកអាស៊ាន និង​កាត់​បន្ថយ​គម្លាត​នៃ​សមត្ថ​ភាព​ការងារ ក្នុ​ង​ចំណោម​ប្រទេស​នានា​នៃ​តំបន់​អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes ៕

LEAVE A REPLY

Please enter your comment!
Please enter your name here