តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតជុំវិញពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៥%ដល់២៣២០,៥៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៧ភាគរយដល់២៣៣៣,៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹក។

ទីផ្សារកំពុងរង់ចាំអ៊ុតមើលទិន្នន័យ GDP របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ ខណៈទិន្នន័យទាំងនេះ អាចផ្តល់តម្រុយបន្ថែមទៀតអំពីសុខភាពនៃសេដ្ឋកិច្ចរបស់អាមេរិក និងពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៦០ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៥ភាគរយដល់២៧,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៩ភាគរយដល់៩១២,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០១ភាគរយដល់១០១៩,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៣នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here