ក្រុមហ៊ុនហាងលក់ទំនិញ 7-Eleven ប្រកាសពង្រីកខ្លួនដល់ចំនួន១០មុឺនទីតាំង ទូទាំងពិភពលោក នៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings បានបញ្ជាក់ឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនមានបំណងពង្រីកវត្តមានហាងលក់ទំនិញ 7-Eleven នៅទូទាំងពិភពលោក ដោយពន្លឿនការឈានជើងចូលទៅក្នុងទីផ្សាររបស់ទ្វីបអឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក។

ក្រុមហ៊ុនខាងលើអះអាងថា ខ្លួនមានគោលបំណងជំរុញចំនួនហាង 7-Eleven នៅទូទាំងពិភពលោកឱ្យកើនដល់ប្រហែល១០មុឺនហាង នៅឆ្នាំ២០៣០ខាងមុខ ដែលហាងនេះនឹងមានវត្តមាននៅក្នុងបណ្តាប្រទេស និងតំបន់ចំនួន៣០។

ផែនការនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធទ្រង់ទ្រាយធំ រួមមាន ការលក់ចេញផ្សារទំនើប ដែលមានដំណើរការមិនសូវបានល្អ ហើយនេះក៏ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនSeven & i Holdings ផងដែរ ក្រោយពីរងសម្ពាធពីអ្នកវិនិយោគ។

ជាក់ស្តែង ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុននេះបានប្រកាសបិទផ្សារទំនើប Ito-Yokado រាប់សិបកន្លែង ព្រមទាំងដើរចេញពីអាជីវកម្មលក់សម្លៀកបំពាក់របស់ខ្លួន និងបានដាក់លក់ហាង Sogo & Seibu របស់ខ្លួនដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ប្រទេសជប៉ុន ក៏បានឯកភាពបោះទុនជាង២ពាន់លានដុល្លារ ដើម្បីទិញហាងទំនិញងាយស្រួល(convenience stores)នៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។

លោក Michael DePinto ប្រធានខ្សែសង្វាក់ហាង 7-Eleven នៅតំបន់អាមេរិកខាងជើង បានលើកឡើងថា ក្រុមហ៊ុននឹងបន្តស្វែងរកឱកាស នៅក្នុងការច្របាច់អាជីវកម្មរួមបញ្ចូលគ្នា និងការទិញយកអាជីវកម្មផ្សេងៗនៅក្នុងតំបន់ ឬហៅជាភាសាអង់គ្លេសថា (Mergers and Mcquisitions)៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here