តើអាកាសយានដ្ឋានទាំង៥ ណាខ្លះ ដែលជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាអាកាសយានដ្ឋានល្អជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។

តំណែងជាអាកាសយានដ្ឋានល្អជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៤នេះ បានធ្លាក់ទៅលើអាកាសយានដ្ឋានអន្តរជាតិ Hamad ដែលមានមូលដ្ឋាននៅទីក្រុងដូហា ប្រទេសកាតា។

តំណែងនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន Skytrax ដែលជាគេហទំព័រផ្តល់ចំណាត់ថ្នាក់ និងត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ។ លទ្ធផលនេះត្រូវបានវាយតម្លៃដោយផ្អែកទៅលើការស្ទង់មតិចំពោះការពេញចិត្តរបស់អ្នកដំណើរនៅចន្លោះខែសីហា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤។

នៅក្នុងការស្ទង់មតិនោះ អ្នកដំណើរទាំងអស់ បានវាយតម្លៃចំពោះសេវាកម្មសំខាន់ៗរបស់អាកាសយានដ្ឋាន ដូចជាបទពិសោធន៍នៃការត្រួតពិនិត្យ check-in ការជញ្ជូនវ៉ាលិស ផ្នែកអន្តោប្រវេសន៍ ការដើរទិញឥវ៉ាន់ និងការចេញដំណើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីរចនាបថដ៏ទំនើប អាកាសយានដ្ឋាន Hamad នៅមានលក្ខណៈពិសេសផ្សេងទៀតដូចជា សណ្ឋាគារប្រណីតដែលមានបន្ទប់ភ្ញៀវជាង១០០បន្ទប់ សួនច្បារត្រូពិក និងផ្សារទំនើបជាដើម។

ទោះជាយ៉ាងណាក្តី នេះពុំមែនជាលើកទី១ឡើយ ដែលអាកាសយានដ្ឋានអន្តរជាតិ Hamad កាន់កាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អជាងគេនៅលើពិភពលោក ខណៈអាកាសយានដ្ឋានមួយនេះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន២លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។

ចំណែក អាកាសយានដ្ឋាន Changi ត្រូវបានបោះឆ្នោតជ្រើសរើសជាអាកាសយានដ្ឋានល្អជាងគេបំផុតនៅលើពិភពលោកចំនួន១២លើករួចហើយដែរ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០ និងម្តងទៀតគឺនៅឆ្នាំ២០២៣។

ចំណែកឯ ចំណាត់ថ្នាក់ទី៣នៅឆ្នាំ នេះ បានធ្លាក់ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Incheon របស់ ប្រទេសកូរ៉េ ខាង ត្បូង ខណៈចំណាត់ថ្នាក់ទី៤ បានទៅលើអាកាសយានដ្ឋាន Haneda របស់ ប្រទេសជប៉ុន និងចំណាត់ថ្នាក់លេខ៥បានទៅលើ អាកាសយានដ្ឋានអន្តរជាតិ Narita របស់ប្រទេសជប៉ុនដូចគ្នា៕ ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here