រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជម្រុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកសាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់បានជម្រុញឲ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋពន្លឿនការចុះបញ្ជីរដីធ្លីជូនប្រជាពលរដ្ឋ។

លោកសាយ សំអាល បានថ្លែងកាលពីចុងសប្តាហ៍មុនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះសូមជំរុញដល់​ក្រុមការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះ ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លី នៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។ ជាមួយនេះ សូមជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួន ជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋ ត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម ។

លោកសាយ សំអាល់បានបញ្ជាក់ថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ “ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយា​កាសគ្មានវិវាទ” រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here