តើវិស័យSMEកម្ពុជាមានការរីកចម្រើន និងជួបបញ្ហាប្រឈមអ្វីខ្លះ?

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ វិស័យសហគ្រាសធុនតូច និងមធ្យម(SME)បានរួមចំណែកកាន់តែធំ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដែលមានប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេស និងរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)។

ទោះបីបច្ចុប្បន្នវិស័យនេះ មានការរីកចម្រើនក៏ពិតមែន ប៉ុន្តែក៏នៅមានភាពទន់ខ្សោយ និងជួបបញ្ហាប្រឈមមួយចំនួននៅឡើយ ជាពិសេសទាក់ទងនឹងបញ្ហាខ្វះប្រភពទុន ខ្វះភាពប្រកួតប្រជែង និងការហូរចូលទំនិញពីទីផ្សារពីខាងក្រៅជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅក្នុងវិស័យ SME កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះវិស័យ SME ហាក់ចាប់ផ្ដើម បង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ក្រុមអ្នកជំនាញ ក៏បានបង្ហាញគំនិតសុទិដ្ឋិយម សម្រាប់ឆ្នាំ២០២៤ ខាងមុខ ថាវិស័យ SMEកម្ពុជា នឹងកាន់តែល្អប្រសើរ និងរួមចំណែកកាន់តែធំក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ឃើញថា វិស័យ SME កាន់តែរីកចម្រើន និងដើរតួនាទីកាន់តែសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ជាក់ស្តែងបច្ចុប្បន្ន មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេសកម្ពុជា ដោយបានរួមចំណែកប្រមាណ៥៨% នៃផលិត​ផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប។

លោកបន្តថា នៅពេញមួយឆ្នាំ២០២៣ វិស័យ SME នៅកម្ពុជា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ពោលគឺវិស័យនេះបានជួបបញ្ហាប្រឈមផង និងឱកាសផង។ ការខ្វះដើមទុន គួបផ្សំនឹងការខ្វះចំណេះដឹង នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមគ្នាបន្ត និងជំរុញការដោះស្រាយ និងលើកកម្ពស់វិស័យ SME កម្ពុជាបន្តទៀត។

ជាក់ស្ដែង កន្លងមករាជរដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្ដល់កម្ចីជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់វិស័យSME នៅកម្ពុជា។ លើសពីនេះ កាលពីពេលថ្មីៗ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់គ្រប់ធនាគារទាំងអស់នៅកម្ពុជា បន្តផ្ដល់ឥណទានដល់វិស័យ SME សំដៅរួមចំណែកជួយលើកកម្ពស់ និងលើកទឹកចិត្តបន្ថែមទៀតដល់វិស័យ​ SME នៅកម្ពុជា។

ចំណែកលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមបានកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល មានការជួយជ្រោមជ្រែងកាន់តែខ្លាំង ក្នុងការជួយដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យវិស័យនេះ ហាក់មានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។

លោកបញ្ជាក់ថា ក្រោយទទួលបានទទួលការជួយពីរាជរដ្ឋាភិបាល បញ្ហាប្រឈមមួយចំនួនក្នុងវិស័យនេះ ហាក់ចាប់ផ្ដើមធូរស្បើយ ពិសេសទាក់ទិននឹងបញ្ហាទីផ្សារតែម្ដង។ តែយ៉ាងណា វិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ម្ចាស់អាជីវកម្មមួយចំនួននៅមានកម្រិត និងបញ្ហាដើមទុនជាដើម។ លើសពីនេះ អ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់ SME កម្ពុជានោះ គឺការបន្តហូរចូលនូវផលិតផល សម្រេចពីខាងក្រៅ ពិសេ​សផលិតផលដែលកម្ពុជា មានលទ្ធភាពផលិតដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here