ក្រុមហ៊ុនយក្សជប៉ុន Mitsubishi Electric ឈានជើងចូលទីផ្សារកម្ពុជាត់និងចាត់ទុកប្រទេសនេះជាទីផ្សារមានសក្តានុពលរយៈពេលវែង

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនផលិត​គ្រឿង​អេឡិចត្រូនិក Mitsubishi Electric Group របស់ប្រទេសជប៉ុន កំពុងពង្រឹងវត្តមានអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយបានសម្រេចបើកការិយាល័យថ្មីនៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post។

ក្រុមហ៊ុន Mitsubishi Electric Asia ដែលជាទីស្នាក់ការប្រចាំតំបន់ បានបើកការិយាល័យតំណាងនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលក្រុមហ៊ុន Mitsubishi Elevator Thailand ក៏បានបើកការិ​យាល័យនៅរាជធានីរបស់ប្រទេសកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Toshimitsu Ito ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Mitsubishi Electric Corp និងជានាយកគ្រប់គ្រងក្រុមហ៊ុន Mitsubishi Electric Asia អះអាងថា “ទីផ្សារកម្ពុជាមានភាពទាក់ទាញខ្លាំង ជាមួយនឹងសក្ដានុពលនៃកំណើនរយៈពេលវែង។ នេះហើយជាមូលហេតុ ដែលយើងសម្រេចចិត្តបើកការិយាល័យតំណាងពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ”។

លោក Ito បានបញ្ជាក់ថា “ការផ្តោតសំខាន់របស់ការិយាល័យតំណាងនៅកម្ពុជា រួមមាន ម៉ាស៊ីនត្រជាក់ ជាមួយនឹងការដាក់ចេញយុទ្ធសាស្រ្ត ក្នុងការកសាងការទទួលស្គាល់ម៉ាកយីហោ និងការជឿទុកចិត្តរបស់អតិថិជន”។

លោក Ito បានបន្ថែមថា អត្រាប្រជាជនវ័យក្មេងដ៏ច្រើន របស់កម្ពុជា សរបង្ហាញពីកំណើនដ៏រឹងមាំនាពេលអនាគត ហើយការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្តាល ត្រូវបានគេរំពឹងថា អាចនឹងនាំឱ្យមានអំណាចក្នុងការទិញកាន់តែច្រើន។ វិស័យទេសចរណ៍កំពុងកើនឡើង ដោយបង្កើតឱកាសសម្រាប់ឧស្សាហកម្មជាច្រើន។

បើទោះបីជាសេដ្ឋកិច្ចពិភពលោក មានភាពមិនច្បាស់លាស់ក៏ដោយក្តី លោក Ito បានអះអាងថា ក្រុមហ៊ុន Mitsubishi Electric ចាត់ទុកប្រទេសកម្ពុជាជាទីផ្សាររយៈពេលវែង ជាជាងទីផ្សាររយៈពេលខ្លី។

បន្ថែមពីលើនេះលោក Katsuya Kawabata នាយកគ្រប់គ្រងក្រុមហ៊ុន Mitsubishi Elevator (Thailand) Co Ltd បានមានប្រសាសន៍ឱ្យដឹងផងដែរថា ប្រទេសកម្ពុជា មានសក្ដានុពលយ៉ាងធំសម្បើម ដោយសារចំនួនប្រជាជនវ័យក្មេង និងកំណើនសេដ្ឋកិច្ច។

លោកបានបន្តថា “ទោះបីជាមានបញ្ហាប្រឈម មួយចំនួនក្តី យើងនៅតែបន្តមានទំនុកចិត្តខ្ពស់ ចំពោះអនាគតរបស់ប្រទេសនេះ”។

ក្រុមហ៊ុនបានវាយតម្លៃថា ការសាងសង់ព្រលានយន្តហោះថ្មីបានឆ្លុះបញ្ចាំងឱ្យឃើញពីសក្តានុពល នាពេលអនាគតនៃវិស័យទេស​ចរណ៍របស់កម្ពុជា ដែលនឹងជួយជំរុញតម្រូវការទីផ្សារបន្ថែមទៀត។

នៅក្នុង​វិស័យ​អចលន​ទ្រព្យវិញ គេសង្កេតឃើញមាន​ការ​អភិវឌ្ឍ​ន៍ជា​លំដាប់​ ទាំង​គម្រោង​សំណង់​អគារ​ខ្ពស់ៗកប់ពពក និង​អគារ​ទាបៗនៅរាជធានីភ្នំពេញ។

លោក Katsuya Kawabata បានបញ្ជាក់ឱ្យដឹងបន្ថែមថា “ក្រុមហ៊ុន Mitsubishi Electric បានសម្លឹងឃើញសក្តានុពល ជាពិសេសនៅក្នុងទីផ្សារជណ្តើរយន្ត សម្រាប់អគារដែលមានកម្ពស់តិចជាង១០ជាន់”៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here