ដោយៈ និស្ស័យ
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីអ៊ុក រ៉ាប៊ុន និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនា “ភូមិមួយ ផលិតផលមួយ” បានចូលរួមផ្សព្វផ្សាយ ជំរុញចលនាជាតិភូមិ១ ផលិតផល១លើកទី២”ឆ្នាំ២០២៤ ២០២៨។
សិក្ខាសាលានេះ មានការចូលរួមផងដែរពីលោកប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
សិក្ខាសាលាផ្សព្វផ្សាយខាងលើ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់ក្រសួង-ស្ថាប័ន និងអ្នកអនុវត្តពាក់ព័ន្ធទាំងអស់ ឲ្យបានយល់ច្បាស់អំពីភារកិច្ច ដែលខ្លួនត្រូវចូលរួមទទួលខុសត្រូវ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ។
ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំលើកទី២ នេះ មានការរៀបចំជា៥ចង្កោមសកម្មភាពធំៗ ដែលគ្របដណ្តប់លើសកម្មភាពចំនួន៥៤ និងមានការកំណត់ច្បាស់លាស់ នូវសូចនាករត្រូវសម្រេចបានតាមការគ្រោងទុក ដែលនឹងត្រូវទទួលខុសត្រូវអនុវត្តន៍ ដោយក្រសួងស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ក៏ជាឯកសារបង្ហាញផ្លូវ សម្រាប់ជំរុញការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មជាទំនិញ ឬសេវាកម្មនៅតាមភូមិឋានឬសហគមន៍ គ្របដណ្ដប់លើ ទាំងការផលិត ទាំងការកែច្នៃ ទាំងការវេចខ្ចប់ និងការអភិវឌ្ឍផលិតផលមួយឬច្រើន ដើម្បីបង្កើនតម្លៃបន្ថែម និងការស្វែងរកទីផ្សារទាំងក្នុងនិងក្រៅប្រទេស សំដៅរួមចំណែកបង្កើនប្រាក់ចំណូលប្រជាជនម្នាក់ៗឱ្យឡើងខ្ពស់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានកាន់តែឆាប់រហ័ស៕