(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក គិត ភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីអាជ្ញាធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេស ធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
គោលបំណងសំខាន់នៃសិក្ខាសាលាប្រឹក្សាយោបល់នេះ គឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិតឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមស្តង់ដា លក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការជ្រៀតចូល និងទទួលបានចំណែកទីផ្សារសមរម្យ។ បន្ថែមពីនេះ សិក្ខាសាលានេះក៏បានផ្តល់ជូននូវចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនឹងការផលិត ការវេចខ្ចប់ ព្រមទាំងនីតិវិធីចុះបញ្ជីក្រុមហ៊ុនផងដែរ។