ប្រធានាធិបតីកូរ៉េខាងត្បូង លើក​លែង​ទោស​ដល់មហាសេដ្ឋីធុរកិច្ចចំនួន១២រូប ដើម្បី​ជំរុញ​ឱ្យសេដ្ឋកិច្ច​ជាតិងើប​ឡើង​វិញ

ដោយ: គង់ លាងហួរ

សេអ៊ូល: កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានលើកលែងទោសសម្រាប់បុគ្គលចំនួន២.១៧៦នាក់ រួមទាំងមហាសេដ្ឋីជំនួញដ៏លេចធ្លោចំនួន១២នាក់ផងដែរ នៅមុនថ្ងៃឈប់សម្រាកនៃទិវារំដោះជាតិ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រសួងយុត្តិធម៌បានប្រកាសលើកលែងទោសពិសេសសម្រាប់ពាណិជ្ជករមកពីសហគ្រាសតូចៗ មហាសេដ្ឋីធុរកិច្ច អ្នកនយោបាយ នាយកប្រតិបត្តិសាជីវកម្ម និងអ្នកទោសដែលបានប្រព្រឹត្តបទល្មើសតូចតាច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជនដែលត្រូវលើកលែងទោសរួមមានលោក Kim Tae-woo អតីតប្រធានការិយាល័យ Gangseo-gu ក្នុងទីក្រុងសេអ៊ូល ដែលបានធ្វើការឱ្យក្រុមអធិការកិច្ចពិសេស Cheong Wa Dae ក្រោមអាណត្តិគ្រប់គ្រងរបស់អតីតប្រធានាធិបតីលោក Moon Jae-in។ ហើយលោកបានត្រលប់មកវិញក្នុងនាមជាអ្នកស៊ើបអង្កេតអយ្យការ ដើម្បីលាតត្រដាងការចោទប្រកាន់លើអំពើពុករលួយទាក់ទងនឹងរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក Moon។

លោក Kim ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីលើកលែងទោស បើទោះបីជាលោកត្រូវបានកាត់ទោសដោយតុលាការកំពូលកាលពី៣ខែមុនយ៉ាងណាក្តី ជុំវិញបទចោទប្រកាន់ពីការលេចធ្លាយអាថ៌កំបាំងផ្លូវការ។

លោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានគេរាយការណ៍មកថា លោកមានឆន្ទៈដ៏មុតមាំក្នុងការលើកលែងទោសលោក Kim ដោយសារការជឿជាក់ថា លោក Kim ជាអ្នកបំផ្ទុះព័ត៌មានប្រឆាំងនឹងអំពើពុករលួយ។

អតីតមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់៣រូប ដូចជាលោក Kang Man-soo អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្រោមរដ្ឋបាលលោក Lee Myung-bak ក៏ត្រូវបានលើកលែងទោស និងរួចផុតពីការរឹតបន្តឹងលើសកម្មភាពរបស់ពួកគេផងដែរ។

ជាងនេះទៅទៀត មហាសេដ្ឋីជំនួញចំនួន១២រូប ដូចជាស្ថាបនិកក្រុមហ៊ុន Booyoung Group លោក Lee Joong-keun ប្រធានកិត្តិយសនៃក្រុមហ៊ុន Kumho Petrochemical Group លោក Park Chan-koo និងលោក Rhee Jang-han ប្រធានក្រុមហ៊ុន Chong Kun Dang ក៏ត្រូវបានលើកលែងទោសផងដែរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េ លោក Han Dong-hoon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា “ការលើកលែងទោសនេះមានគោលបំណងក្នុងការធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ ដោយសារប្រទេសនេះកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here