ក្រសួង​ផ្តោត​កិច្ច​ពិភាក្សា​លើ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នៃ​ការ​គ្រប់​គ្រង​សំរាម​ សំណល់រឹង​ និង​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក ស​រ​ កក្កដា​ អភិបាលក្រុងព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកបួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង៥ លោកអភិបាលក្រុង-ស្រុក និងតាមប្រព័ន្ធអនឡាញពីតំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុនDohwa សរុបប្រមាណ៥០រូប នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើការងារមួយចំនួនដូចជា ទី១. ពិនិត្យមើលវឌ្ឍនភាពការងារ ប្រចាំត្រីមាសរបស់គម្រោង ទី២. ការបង្ហាញលទ្ធផល នៃការសិក្សារបស់ក្រុមហ៊ុនCrisil។

ជាការចូលរួម លោកអភិបាលរង បានលើកឡើងអំពី​ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមដែលនាំឱ្យមានការកើនឡើង នៃបរិមាណសំរាមក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោកក៏បានលើកជាសំណូមពរ និងគម្រោងមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយបរិមាណសំរាមនៅក្នុងទីប្រជុំជន។

“គម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានទិសដៅស្រប និងបំពេញបន្ថែមទៅលើ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០​)” ដែលបានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយ ដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here