ស្ថាប័នចំនួន២សហការជាមួយADBផ្តោតលើសក្តានុពលនៃការវិនិយោគលើសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា  (ន.ម.ក.) ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលា ស្តីពី “សក្តានុពលនៃការវិនិយោគ លើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា”។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោកស៊ុំ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនៃក្រសួងបរិស្ថាន និងលោក Kosintr Puongsophol អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃ ADB។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី អត្ថប្រយោជន៍នៃការបោះផ្សាយលក់សញ្ញាបណ្ណនិរន្តរភាព និងការវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា និងភាពចាំបាច់ដែលសហគ្រាសអាជីវកម្ម និងវិនិយោគិនសក្តានុពល ត្រូវគិតគូរពីបញ្ហានេះ ព្រមទាំងផ្សព្វផ្សាយអំពីជំនួយបច្ចេកទេសរបស់ADB សម្រាប់គាំទ្រដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ូ សុជាតិបានមានប្រសាសន៍ថា “ការផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញ ឃ្លានេះ គឺពិតជាមានន័យខ្លាំងណាស់សម្រាប់សហគមន៍ និងអនាគតរបស់មនុស្សជំនាន់ក្រោយ”។ លោកបន្តថា “ការបោះផ្សាយលក់ និងការចូលរួមវិនិយោគលើសញ្ញាបណ្ណនិរន្តរភាព គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការចូលរួមផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញ”។

លោកបន្តថា ដោយហេតុថា ប្រទសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចំនួនវិនិយោគិននៅមានកម្រិតតិចនៅឡើយ។ ដូចនេះសូមលើកទឹកចិត្តឱ្យវិនិយោគិនសក្តានុពលរបស់យើង ចាប់យកឱកាសនេះវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ សម្រាប់ក្រុមហ៊ុន ដែលមានបំណងបោះផ្សាយលក់សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ក៏នឹងមានឱកាសទទួលបាននូវជំនួយបច្ចេកទេស ពីដៃគូអភិវឌ្ឍសំខាន់ៗរបស់យើង ដូចជា ADB ជាដើម។

ជាមួយគ្នានេះ លោកស៊ុំ ធី ក៏បានលើកឡើងផងដែរថា “ដោយកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះ ប្រទេសយើងកាន់តែងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ យើងមិនអាចបង្កើនភាពធន់នឹងអាកាសធាតុ ដោយគ្មានការវិនិយោគលើការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនោះទេ។

សព្វថ្ងៃនេះ ការគាំទ្រពីអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាចំណែកនៅក្នុងការរួម ចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ អា​ស្រ័យហេតុនេះ ទើបថ្ងៃនេះយើងពិភាក្សាអំពីហេតុអ្វី បានជាយើងគួរវិនិយោគ លើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

លោកបន្តថា “យើងពិតជាត្រូវការវិនិយោគិន ដែលមើលឃើញពីតម្លៃ និងឱកាសនៃការវិនិយោគ លើការអភិវឌ្ឍប្រកដបដោយនិរន្តរភាព វិនិយោគិនដែលសម្លឹងឃើញ ពីទស្សនវិស័យរយៈពេលវែង”។លោកបញ្ជាក់ថា “ខ្ញុំពិតជារីករាយដែលឃើញមាន ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថានឹងមានក្រុមហ៊ុនកាន់តែច្រើន បោះផ្សាយសញ្ញាបណ្ណនេះនាពេលអនាគត”៕

លោក Kosintr Puongsophol ក៏បានគូសបញ្ជាក់ផងដែរថា “អាស៊ី នឹងខាតបង់រហូតដល់២៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ។ ក្នុងឆ្នាំ២១០០ អាស៊ានត្រូវបានគេរំពឹងទុកថា នឹងខាតលើសពី៣២% នៃ GDP ក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នខ្ពស់។

លោកបន្តថា “ដូចនេះយើងត្រូវតែកៀរគរមូលនិធិ ឱ្យបានឆាប់បំផុត ដើម្បីបំពេញចន្លោះ នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានអាកាសធាតុ”។

ការគផងគរទាំងនោះ អាចធ្វើឡើងតាមរយៈយន្តការទាំង ៤ នេះ រួមមានទី១ ទីផ្សារមូលបត្រ ដោយការបោះផ្សាយលក់សញ្ញាបណ្ណ​បៃតង និងសញ្ញាបណ្ណតាមគម្រោងផ្សេងទៀត ទី២ គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ទី៣ ការលើកកម្ពស់ការយល់ដឹង និងបំនិនដល់ប្រជាជនក្នុងស្រុក និងទី៤ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុនិរន្តរភាព ដើម្បីសម្រួលដល់ការកៀរគរមូលនិធិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here