លោកប៉ាន សូរស័ក្តិៈកម្ពុជា ជប៉ុនគួរធ្វើការជិតស្និទ្ឋដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរពិចារណាលទ្ធភាព នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោកបានស្នើឲ្យភាគីជប៉ុនពិចារណាលទ្ធភាព ក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះកម្ពុជា ជប៉ុនគួរសហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងទម្រង់នៃការបោះទុនវិនិយោគ។

លោកប៉ាន សូរស័ក្តិបានថ្លែងបែបនេក្នុងពិធីបើកសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេ​សកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រា​សធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថាCambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។

ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និងការវិនិយោគកម្ពុជា-ជប៉ុនលោកប៉ាន សូរស័ក្តិបានស្នើឲ្យភាគីជប៉ុន ពិចារណាលើចំណុចមួយចំនួនដូចជា ទី១ ពិចារណាពីលទ្ធភាព នៃការលើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ ពីប្រទេសជប៉ុនមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ដូចជាក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន Yamaha Cooperation។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំង បានអបអរសាទរចំពោះគម្រប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here