កម្ពុជារកចំណូលបាន៧៧,៤លានដុល្លារពីការនាំចេញអង្ករទៅប្រទេសចិនក្នុងរយៈពេល៥ខែដំបូង

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន១១៨.០៤១តោនទៅកាន់ប្រទេសចិនក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ដោយទទួលបានប្រាក់ចំណូលចំនួន៧៧,៤លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា “ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា ដែលគ្របដណ្តប់ចំណែក៤២,៤៣ភាគរយនៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងអំឡុងខែមករាដល់ខែឧសភា ឆ្នាំនេះ”។

លោក ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។

លោកបានមានប្រសាសន៍ថា “សហព័ន្ធស្រូវអង្ករនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំទៅកាន់ប្រទេសចិនបានច្រើនជាងគេចំនួន៤០០.០០០តោនក្នុងមួយឆ្នាំៗ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា កម្ពុជាបាននាំចេញអង្ករចំនួន២៧៨.១៨៤តោនទៅកាន់ប្រទេស និងតំបន់ចំនួន៥០ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតចំណូលបានចំនួន១៩១,៦លានដុល្លារ។

យោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងទៀតថា ប្រទេសហ្វីលីពីនគឺជាទីផ្សារថ្មីមួយសម្រាប់អង្កររបស់កម្ពុជា ហើយកម្ពុជាបាននាំចេញបរិមាណអង្ករដ៏ធំជាលើកដំបូងរបស់ខ្លួនចំនួន២.៥៧៥តោនទៅកាន់ប្រទេសហ្វីលីពីនកាលពីខែឧសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here