ផ្សារហ៊ុននៅតំបន់អាស៊ីដាំក្បាលចុះ ខណៈធនាគារកណ្តាលអូស្ត្រាលី និងកាណាដាដំឡើងអត្រាការប្រាក់

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលដោយធនាគារកាណាដាបានធ្វើឱ្យមានការព្រួយបារម្ភថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចរក្សាបានកាន់តែខ្ពស់ក្នុងរយៈពេលយូរ។

សន្ទស្សន៍ ហ៊ុន អាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយ បំផុត របស់ MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ដាំក្បាលចុះ០,៥៣ភាគរយ ខណៈ ដែលផ្សារហ៊ុន Nikkei របស់ ជប៉ុន ហក់ឡើង ថ្លៃ០,០៨ភាគរយ។  សន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលីបានដាំក្បាលចុះ០,០៩ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសចិនដាំក្បាលចុះ០,៣ភាគរយ ខណៈដែលសន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុងដាំក្បាលចុះ០,៥៧ភាគរយ។

ធនាគារកាណាដា (BoC) បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលកាលពីថ្ងៃពុធដោយការដំឡើងអត្រាពេញមួយយប់របស់ខ្លួនដល់កម្រិតខ្ពស់រយៈពេល២២ឆ្នាំ គឺ៤,៧៥ភាគរយ ដោយពាណិជ្ជកររំពឹងថា នឹងមានការកើនឡើងមួយផ្សេងទៀតនៅខែក្រោយដើម្បីកាត់បន្ថយសេដ្ឋកិច្ចដែលឡើងកំដៅខ្លាំង និងអតិផរណាខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការពីធនាគារ BoC កើតឡើងបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីក៏បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលផងដែរដោយការដំឡើងអត្រាការប្រាក់នៅដើមសប្តាហ៍នេះ។  ធនាគារកណ្តាលនៃប្រទេសអូស្ត្រាលីក៏បានព្រមានអំពីការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃសម្ពាធតម្លៃ។

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូរសំខាន់ៗចំនួនប្រាំមួយបានដាំក្បាលចុះ០,០២៩ភាគរយ ដោយប្រាក់អឺរ៉ូងហក់ឡើងថ្លៃ០,០៩ភាគរយដល់១,០៧ដុល្លារក្នុងមួយអឺរ៉ូ។

ប្រាក់យ៉េនបានហក់ឡើងថ្លៃ០,១៤ភាគរយដល់១៣៩,៩១យ៉េន ក្នុងមួយដុល្លារ បន្ទាប់ពីទិន្នន័យដែលបានកែសម្រួលបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងច្រើនជាងការគិតដំបូងក្នុងខែមករាដល់ខែមីនា។

ប្រាក់ដុល្លារកាណាដាបានហក់ឡើង០,០៨ភាគរយដល់១,៣៤ដុល្លារកាណាដា ក្នុងមួយដុល្លារអាមេរិក ខណៈពេលដែលប្រាក់លីរ៉ារបស់ប្រទេសទួរគីបានធ្លាក់ថ្លៃទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here