កម្ពុជា អេមីរ៉ាតអារ៉ាប់រួមពង្រឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន សួរស័ក្តិ និងលោក បណ្ឌិតThani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចស​ហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ជាច្រើនរូប ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តី សោមនស្សរីករា​យ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។

ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបាន ជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។

នៅកិច្ចបញ្ចប់នៃជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងសន្និសិទព័ត៌មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀតជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថាអាចទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here