កម្ពុជាជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគវៀតណាមរួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមកាសែតវៀតណាម VNA បានឱ្យដឹងថា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានរៀបចំវេទិកាពាណិជ្ជកម្មនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី៧ ខែមិថុនា ដែលបានប្រមូលផ្តុំអាជីវកម្មជាង១០០នៃប្រទេសទាំងពីរ។

ថ្លែងក្នុងសុន្ទរកថានាឱកាសនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយចាត់ទុកថា ចាំបាច់ត្រូវជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបង្កើនសក្តានុពល និងគុណសម្បត្តិនៃប្រទេសជិតខាងទាំងពីរ។

លោកបានបន្តថា វេទិកានេះផ្តល់ឱកាសសម្រាប់ធុរកិច្ចវៀតណាម និងកម្ពុជាដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងរកដៃគូ ធ្វើបច្ចុប្បន្នភាពលើគោលនយោបាយសេដ្ឋកិច្ចថ្មីនៃប្រទេសទាំងពីរ និងពិភាក្សាអំពីឧបសគ្គចំពោះប្រតិបត្តិការរបស់ពួកគេ និងស្នើដំណោះស្រាយជូនពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម បានលើកឡើងពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា ដោយលោកមានប្រសាសន៍ថា គោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនេះបានផ្តោតលើការកែលម្អសមត្ថភាព ដើម្បីពន្លឿនការធ្វើសមាហរណកម្មរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជម្រាបជូនអង្គវេទិកាទាំងមូលនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា។

លោកបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញ និងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព។

លោក ជា វុទ្ធី ក៏បានបញ្ជាក់ផងដែរថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ។ លោកបានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា និងទាំងវៀតណាម រួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជា។

លោកសង្ឃឹមយ៉ាងមុតមាំថា វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមនេះ នឹងរួមចំណែកពង្រីកនូវទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែធំបន្ថែមទៀត ព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាន នាពេលដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here