តើពិភពលោកជំពាក់បំណុលច្រើនកម្រិតណា ហើយប្រទេសណាជាប់បំណុលច្រើនជាងគេគិតត្រឹមឆ្នាំ២០២៣?

ដោយៈ សុខុម

អន្តរជាតិ: យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) ដែលជាសមាគមសកល នៃឧស្សាហកម្មហិរញ្ញវត្ថុឱ្យដឹងថា បំណុលដែលពិភពលោកជំពាក់នាពេលបច្ចុប្បន្ន មានរហូតដល់៣០៥ទ្រីលានដុល្លារអាមេរិក ដោយកើនឡើងជាង៤៥ទ្រីលានដុល្លារ បើធៀបនឹងសម័យកាលមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

បំណុលពិភពលោកជាចំនួនបំណុលសរុប ដែលក្រុមហ៊ុនសាជីវកម្ម រដ្ឋាភិបាល និងបុគ្គលជុំវិញពិភពលោកជំពាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែឧសភា។

ក្នុងចំណោមបំណុលសរុបទាំង៣០៥ទ្រីលានដុល្លារ ក្រុមហ៊ុនសាជីវកម្ម មានចំណែកគ្របដណ្ដប់១៦១,៧ទ្រីលានដុល្លារ (៥៣%) រដ្ឋាភិបាលនានាជំពាក់៨៥,៧ទ្រីលានដុល្លារ (២៨%) ហើយបុគ្គលជំពាក់៥៧,៦ទ្រីលានដុល្លារ (១៩%)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានព្យាករថា បំណុលពិភពលោក នឹងបន្តកើនឡើងដោយសារការខ្ចីប្រាក់ ពីសំណាក់រដ្ឋាភិបាលនៅតែមានកម្រិតខ្ពស់ ដែលទទួលរងផលប៉ះពាល់ដោយសារកត្តាដូចជាចំនួនប្រជាជនវ័យចំណាស់កើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើនឡើងនូវការចំណាយ លើការថែទាំសុខភាព និងភាពខុសគ្នានៃហិរញ្ញវត្ថុអាកាសធាតុ។

*តើប្រទេសណាជំពាក់បំណុលច្រើនជាងគេគិតត្រឹមឆ្នាំ២០២៣?

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានធ្វើការឃ្លាំមើលបំណុលពិភពលោកដែលគ្របដណ្តប់ លើសេដ្ឋកិច្ចទីផ្សារចាស់ទុំចំនួន២១ រួមទាំងតំបន់ចាយរូបិយប័ណ្ណអឺរ៉ូ ក៏ដូចជាប្រទេសទីផ្សាររីកចម្រើនឆាប់រហ័សចំនួន៣០ផងដែរ។

លទ្ធផលបានរកឃើញថា សហរដ្ឋអាមេរិក ជំពាក់បំណុលជាតិខ្ពស់បំផុតក្នុងពិភពលោក ជាមួយនឹងបំណុលរហូតដល់៣០,១ទ្រីលានដុល្លារ គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣។ ហើយបំណុលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅពេលនេះបានកើនឡើងរហូតដល់៣១,៤ទ្រីលានដុល្លារ ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការចំណាយ និងថ្លៃចំណាយលើការខ្ចី ប្រាក់របស់រដ្ឋាភិបាលអាមេរិក។

សរុបមក បំណុលរបស់ប្រទេសធំៗចំនួន៤បូកបញ្ចូលគ្នា ដែលរួមមានប្រទេសចិន ប្រទេសជប៉ុន ប្រទេសបារាំង និងប្រទេសអ៊ីតាលី ក៏នៅតិចជាបំណុលរបស់សហរដ្ឋអាមេរិកដែរ។

ទិន្នន័យបង្ហាញថា ប្រទេសចិន ជំពាក់បំណុលចំនួន១៤ទ្រីលានដុល្លារ ប្រទេសជប៉ុន ជំពាក់បំណុល១០,២ទ្រីលានដុល្លារ ប្រទេសបារាំង ជំពាក់បំណុល៣,១ទ្រីលានដុល្លារ ប្រទេសអ៊ីតាលី ជំពាក់បំណុល២,៩ទ្រីលានដុល្លារ ដោយសរុប៤ប្រទេសនេះ បញ្ចូលគ្នាស្មើនឹង៣០,២ទ្រីលានដុល្លារ បើធៀបនឹងបំណុលរបស់សហរដ្ឋអាមេរិក ចំនួន៣១,៤ទ្រីលានដុល្លារ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here