កម្ពុជា អង់គ្លេសចុះMOUដើម្បីបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិ​ជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា។

ពិធីចុះMOUនេះ ធ្វើឡើងក្រោមអធិបតីលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកDominic Williamsឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាបើកវេទិកា លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា រវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិ​ជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញ ការនាំចេញផលិត​ផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រធានទាំងពីរ បានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពី ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

បន្ថែមពីនេះ វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាព នៃការអនុវត្តគោលនយោបា​យថ្មីៗ និងស្វែងរកកាលានុវត្តភាព ក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។

ផ្អែកទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុប៩៧៧.៤៣ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន២៤.៤២% បើធៀបនឹងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here