ទំហំទឹកប្រាក់នៃការនាំចូលប្រេង និង ឧស្ម័នរបស់កម្ពុជាហក់ឡើងដល់១,១៥ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូង

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចូលប្រេង និងឧស្ម័នរបស់កម្ពុជាឈានដល់១,១៥ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះត្រឹមតែ០,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

បច្ចុប្បន្នកម្ពុជានាំចូល ប្រេង និង ឧស្ម័នទាំងអស់របស់ខ្លួនដោយសារ ប្រេង និងឧស្ម័ននៅឈូងសមុទ្រ បម្រុង មិនទាន់ត្រូវ បាន គេ ទាញយក នៅ ឡើយ នោះទេ។

ចាប់តាំងពីផ្ទុះវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ តម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់តម្លៃទំនិញ និងសេវាកម្មផ្សេងទៀត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍នៅពេលមុននេះថា “ទោះបីជាមានការកើនឡើងនៃតម្រូវការយ៉ាងណាក្តី ក៏ប្រទេសកម្ពុជាមានស្តុកប្រេងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈកម្ពុជាមានស្តុកប្រេងគ្រប់គ្រាន់សម្រាប់រយៈពេលពី១៥ថ្ងៃ ទៅ២០ថ្ងៃដោយគ្មានការនាំចូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍ថា តម្រូវការផលិតផលប្រេងរបស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០ ដល់៤,៨លានតោនក្នុងឆ្នាំ២០៣០។ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនេះ។

យោងតាមរបាយការណ៍របស់ធនាគារ ADB បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយនៅឆ្នាំ២០២៣នេះ និង៦ភាគរយនៅឆ្នាំ២០២៤ ដែលជំរុញដោយការស្ទុះងើបឡើងវិញកាន់តែខ្លាំងនៃវិស័យទេសចរណ៍ និងកំណើនយ៉ាងលឿនក្នុងវិស័យសេវាកម្ម។

ទោះជាយ៉ាងនេះក្តី ទស្សនវិស័យកំណើននេះ ក៏ប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះផងដែរ រួមទាំងកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបធ្លាក់ចុះ បំណុលឯកជនខ្ពស់ ការខកចិត្តចំពោះការមកដល់របស់ភ្ញៀវទេសចរពីប្រទេសចិន លំហូរវិនិយោគផ្ទាល់ពីបរទេស ការកើនឡើងតម្លៃថាមពល និងអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here