ដោយៈ ម៉ាណា
ភ្នំពេញៈ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Avelino Fernandes Ximenes Pereira លេខាធិការទី១ នៃស្ថានទូតទីម័រខាងកើត ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូនៃកម្មវិធីថ្នាក់ដឹកនាំវ័យក្មេង និងអនាគតថ្នាក់ដឹកនាំទីម័រខាងកើត “Future Lider BA ASEAN”។
ជំនួបនេះធ្វើឡើង ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មសិក្សាស្វែងយល់ ពីព្រះរាជាណាចក្រកម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៩។
លោក Avelino Fernandes Ximenes Pereira បានសាកសួរអំពីសាវតានៃសភាពាណិជ្ជកម្មកម្ពុជា និងតួនាទីក្នុងការគាំទ្រនៅវិស័យឯកជននៅប្រទេសកម្ពុជា។
លើសពីនេះទៅទៀតគណៈប្រតិភូ ក៏បានមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្ដ្រឆ្លងកាត់សង្គ្រាម និងការទទួលរងអាណានិគមដូចគ្នា និងប្រទេសទីម័រខាងកើត ប៉ុន្ដែអាចក្លាយទៅជាប្រទេសមួយក្នុងអាស៊ាន ដែលមានសេដ្ឋកិច្ចកើនឡើងជាលំដាប់ និងមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិន មកវិនិយោគយ៉ាងច្រើនកុះករ។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានរៀបរាប់អំពីការបង្កើតឡើងសភាពាណិជ្ជកម្មកម្ពុជា ដោយស្ថាប័ននេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឯកជន។ លោកឧកញ៉ា អគ្គនាយកក៏បានបង្ហាញពីការរីកចម្រើន យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងធុរកិច្ចនៅកម្ពុជាតាមរយៈច្បាប់វិនិយោគ ដែលសមប្រកបសម្រាប់វិនិយោគិន។
ឧកញ៉ាអគ្គនាយក ក៏បានជូនពរប្រទេសទីម័រខាងកើត ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៩ ខាងមុខ ដោយសង្កត់ធ្ងន់ថា កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាកាតាលីករដ៏សំខាន់ ក្នុងការត្រៀមលក្ខណៈឱ្យបានល្អប្រពៃ៕








