NATO ថ្កោលទោសលោក ពូទីន ចំពោះការប្រើវោហារសាស្ត្រនុយក្លេអ៊ែរ “ដ៏គ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ”

ដោយៈ សុខុម

អន្តរជាតិ: អង្គការ NATO កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា បានថ្កោលទោសលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការប្រើវោហារសាស្ត្រនុយក្លេអ៊ែរ “ដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” របស់លោក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី រូបនេះនិយាយថា លោកនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារូស។

លោក ពូទីន បានប្រកាសចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះកា​លពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ហើយបានប្រដូចវាទៅនឹងសហរដ្ឋអាមេរិក ដែលដាក់ពង្រាយសព្វាអាវុធរបស់ខ្លួននៅអឺរ៉ុប ខណៈទទូចសុំកុំឱ្យប្រទេសរុស្ស៊ី បំពានការសន្យាចំពោះការ មិនរីកសាយភាយនុយក្លេអ៊ែររបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វោហារសាស្ត្ររបស់លោក វ្លាឌីមៀ ពូទីន ជុំវិញអាវុធនុយក្លេអ៊ែរលើកនេះ គឺជាសញ្ញាព្រមានច្បាស់ៗបំផុត ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាម ចូលឈ្លានពាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ ហើយអ៊ុយក្រែន បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ដើម្បីឆ្លើយតប។

ខណៈក្រុងវ៉ាស៊ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក បានសម្តែងការព្រួយបារម្ភ អំពីការប្រកាសរបស់លោក ពូទីន អង្គការបក្សសម្ព័ន្ធយោធា NATO និយាយថា ការសន្យារបស់លោក ពូទីន ចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការលើកឡើងរបស់លោក អំពីការដាក់ពង្រាយសព្វាអាវុធរបស់សហរដ្ឋអាមេរិក នៅបរទេសគឺមិនត្រឹមត្រូវឡើយ។

អ្នកនាំពាក្យអង្គការ NATO បានលើកឡើងតាមរយៈអ៊ីម៉េលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ថា “ការលើកឡើងរបស់រុស្ស៊ី ចំពោះការចែករំលែកនុយក្លេអ៊ែររបស់អង្គការNATO គឺជាការយល់ច្រឡំទាំងស្រុង។ បណ្ដាសម្ព័ន្ធមិត្តរបស់ NATO ធ្វើសកម្មភាពដោយការគោរពពេញលេញ តាមការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន”។

អ្នកនាំពាក្យដែលមិនបញ្ចេញឈ្មោះខាងលើនេះ បានបន្ថែមទៀតថា “រុស្ស៊ី បានបំពានការប្តេជ្ញាចិត្ត ចំពោះការគ្រប់គ្រងអាវុធរបស់ខ្លួនជាបន្តបន្ទាប់ ដោយកាលពីពេលថ្មីៗនេះ បានផ្អាកការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញា New START ទៀតផង”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here