លោកស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ឋគោលនយោបាយ និងយុទ្ឋសាស្រ្តទាក់ទងនឹងរថយន្តអគ្គិសនី

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំដំបូង នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ)។

កិច្ចប្រជុំនេះ ក៏បានភ្ជាប់ជាមួយសិក្ខាសាលា ពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវ សម្រាប់រៀបចំស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីផងដែរ។

កិច្ចប្រជុំនេះ បានផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួន រួមមាន ១) បើកកិច្ចពិភាក្សាដំបូងរបស់ គ.ល.គ.យ.អ ២) ផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្ដីសម្រេចនៃការបង្កើត គ.ល.គ.យ.អ ៣) ពិភាក្សាស្វែងរកធាតុចូលសំខាន់ៗ ដើម្បីប្រមូលទិន្នន័យ និងយោបល់ចូលរួមពីសំណាក់អង្គប្រជុំ ក្នុងគោលបំណងជំរុញ ការអភិវឌ្ឍយានយន្តអគ្គិសនី និងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានលើកឡើងអំពីទិដ្ឋភាពស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី បច្ចុប្បន្នមានចំនួន១៣កន្លែង ដោយ៤កន្លែងនៅក្នុងបរិវេណទីស្ដី ការក្រសួងសាធារណការ និងដឹកជញ្ជូន ១ទៀត នៅខេត្តព្រះសីហនុ។ ១ទីតាំង ស្ថិតនៅខេត្តសៀមរាប និង១ទីតាំងនៅខេត្តបាត់ដំបង និងស្ថានីយឯកជនមានចំនួន៦កន្លែងបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តី ក្នុងនាមជាប្រធាន គ.ល.គ.យ.អ. បានជំរុញលើកទឹកចិត្តសមាជិក គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ទាំងអស់ ខិតខំប្រឹងប្រែងពង្រីកស្ថានីយ៍ ឱ្យបានកាន់តែច្រើននៅតាមបណ្ដាខេត្តរៀងៗខ្លួន និងរិះរកគ្រប់មធ្យោបាយ ព្រមទាំងយន្តការនានា សម្រាប់គាំទ្រការលើកទឹកចិត្តផ្សេងៗ ដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង។

បន្ថែមពីលើនេះ នៅពេលរសៀល មានសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំ ស្ថានីយបញ្ចូលថាមព​លយានយន្តអគ្គិសនី ដើម្បីពិនិត្យ និងស្វែងរកធាតុចូលបន្ថែមឱ្យមានន័យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សម្រាប់ផែនទីបង្ហាញផ្លូវរៀបចំស្ថានីយ៍ បញ្ចូលថាមពលយានយន្តអគ្គិសនី ដែលគាំទ្រដោយ UNDP Cambodia៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here