ក្រសួងពាណិជ្ជកម្មដាក់ចេញវិធានការតឹងរុឹងតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់បិទស្លាកតម្លៃទំនិញជាប្រាក់រៀល

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រសួងពាណិជ្ជកម្មកម្ពុជា (MoC) បានដាក់ចេញនូវវិធានដ៏តឹងរុឹង ដើម្បីចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ចំពោះអាជីវកម្ម ដែលខកខានមិនបានដាក់ស្លាកតម្លៃផលិតផល ឬសេវាកម្មរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។

វិធានការនេះ បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ សហការគ្នាធ្វើការលើការបិទស្លាកតម្លៃផលិតផលជាប្រាក់រៀល ដើម្បីផ្តួចផ្តើមវិធានការផ្លូវច្បាប់ចំពោះអាជីវកម្មដែលមិនបានបិទស្លាកសញ្ញា។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានជូនដំណឹងដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទូទាំង ២៥រាជធានី-ខេត្តដើម្បីផ្សព្វផ្សាយច្បាប់ ដល់អាជីវករទាំងអស់ នៅតាមតំបន់រៀងៗខ្លួន ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមិនអនុវត្តតាមវិធាន និងសេចក្តីណែនាំជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានការអនុញ្ញាត ដោយរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីមន្ត្រីនៅការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្តនីមួយៗ។

សេចក្តីជូនដំណឹងបានចង្អុលបង្ហាញថា “អ្នកលក់ អ្នកផ្តល់សេវា ឬពាណិជ្ជករណាដែលមិនអនុវត្តគោលការណ៍ណែនាំត្រូវទទួលខុសត្រូវចំពោះសកម្មភាពផ្លូវច្បាប់ដោយផ្អែកលើច្បាប់ជាធរមានដោយបន្ថែមថា វិញ្ញាបនបត្រអនុញ្ញាតសម្រាប់ការដាក់ស្លាកតម្លៃជារូបិយប័ណ្ណបរទេសមានសុពលភាពរយៈពេល១ឆ្នាំ ហើយនឹងត្រូវបានពង្រីក ប្រសិនបើមានការស្នើសុំឡើងវិញជាមួយនឹងការិយាល័យច្រកចេញ-ចូលតែមួយ”។

ម្ចាស់ហាងទំនិញរួចពន្ធត្រូវបង់ថ្លៃសេវាសាធារណៈជូនដល់រដ្ឋបាលមូលដ្ឋានសម្រាប់ការអនុញ្ញាតឱ្យដាក់ស្លាកតម្លៃផលិតផលរបស់ខ្លួនដែលមានលក់ជារូបិយប័ណ្ណបរទេស ខណៈដែលម្ចាស់ស្ថានីយ៍លក់រាយប្រេងឥន្ធនៈ និងប្រេងឥន្ធនៈត្រូវបង្ហាញតម្លៃជាប្រាក់រៀល ដែលអាចមើលឃើញនៅទីតាំងរបស់ខ្លួនក្នុងចម្ងាយប្រមាណ២០០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here