ធនាគារ ADB ផ្តល់កម្ចី៦៩២លានដុល្លារដើម្បីអភិវឌ្ឍគម្រោងថាមពលដើរដោយខ្យល់ដ៏ធំបំផុតនៅតំបន់អាស៊ី

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: ក្រុមហ៊ុនអភិវឌ្ឍន៍មួយ និងធនាគារក្នុងតំបន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់មូលនិធិ៦៩២លានដុល្លារសម្រាប់គម្រោង “Monsoon Wind Power Project”ដែលជាគម្រោងដើរដោយថាមពលខ្យល់ ដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសឡាវ។

Impact Electrons Siam Ltd (IES) ដែលជាក្រុមហ៊ុន ផ្តល់ដំណោះស្រាយថាមពលកកើតឡើងវិញ កំពូលរបស់ប្រទេសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងថាមពលខ្យល់មូសុង ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាអ្នករៀបចំផ្តល់ប្រាក់កម្ចី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Suzanne Gaboury អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ធនាគារ ADB ក៏​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ ទាក់ទង​នឹង​ការ​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ដ៏​មានសារៈសំខាន់​នេះ​។

លោកស្រី Suzanne Gaboury បានមានប្រសាសន៍ថា “ការផ្តល់ហិរញ្ញប្បទានពីធនាគារ ADB និងដៃគូរបស់ខ្លួននឹងជួយស្រាយសោប្រភពធនធានខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ដោយផ្តល់នូវមូលដ្ឋាន សម្រាប់ការផ្លាស់ប្តូរទៅជាថាមពលស្អាត”។

លោកស្រី Gaboury បន្ថែមថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រឈមនឹងការខ្វះខាត ក្នុងការវិនិយោគអាកាសធាតុ ដែលចាំបាច់ដើម្បីជម្រះផ្លូវឆ្ពោះទៅរកកំណើនបៃតង”។

ធនាគារ​ជា​ច្រើន​ រួម​ទាំង​ធនាគារ​នាំ​ចេញ​-នាំ​ចូល​នៃ​ប្រទេស​ថៃ និង​ធនាគារ​ពាណិជ្ជ​ក៏​បាន​រាយការណ៍​ថា​ ពួកគេបាន​រួម​គ្នា​បង្កើត​គម្រោង​នេះ​ដែរ។

លើសពីនេះ ក្រុមហ៊ុន ACEN Renewables International Pte.  Ltd. ក្រុមហ៊ុន STP&I Public Company Limited និងក្រុមហ៊ុន SMP Group ក៏ស្ថិតក្នុងចំណោមសហហិរញ្ញប្បទានផ្សេងទៀត នៃគម្រោងនេះផងដែរ។

សារពត៌មាន Laopost ក៏បានរាយការណ៍ផងដែរថា គម្រោងនេះ នឹងត្រូវសាងសង់ក្នុងរយៈពេល៣ឆ្នាំ (រួមទាំងការសាងសង់ខ្សែបញ្ជូន) ដែលមានរយៈពេលសម្បទាន២៥ឆ្នាំ និងចំណាយទឹកប្រាក់សរុបចំនួន៩០០លានដុល្លារអាមេរិក (រួមទាំងការសាងសង់ស្ថានីយ៍បំលែងព្រំដែនឡាវ-វៀតណាម)៕

LEAVE A REPLY

Please enter your comment!
Please enter your name here