សម្ដេចតេជោៈខែកុម្ភៈឆ្នាំនេះរាជរដ្ឋាភិបាលចំណាយប្រាក់ប្រមាណ៤០លានដុល្លារដល់គ្រួសារក្រីក្រងាយរងគ្រោះ

ដោយៈ លក្ខិណា​

ភ្នំពេញៈ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ និងងាយរងគ្រោះដោយសារតែកូវីដ១៩។

ជាក់ស្ដែងគ្រាន់តែខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់បើកប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសាររងគ្រោះ ដោយសារតែកូវិដ១៩ ។ នេះបើតាមប្រសាសន៍សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែង នៅក្នុងពិធីចែកសញ្ញាបត្រដល់និសិ្សត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅព្រឹកថ្ងៃទី៦ មីនា២០២៣។

សម្ដេចតេជោបន្តថា គ្រាន់តែខែកុម្ភៈឆ្នាំ២០២៣នេះ រដ្ឋាភិបាលបានចំណាយថវិកា ប្រមាណ១២៣ពាន់លានរៀល ឬស្មើនឹងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់បើកប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះ ឬពលរដ្ឋងាយរងគ្រោះ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្តថា បើរាប់តាំងពីចាប់ផ្ដើម រហូតមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយ ថវិកាប្រមាណ៣,៩៧ទ្រីលានរៀល ប្រមាណស្មើនឹង១ពាន់លានដុល្លារអាមេរិក។ សម្រាប់អន្តរាគមន៍បន្តទៀតគឺអន្តរាគមន៍ជាសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលរហូតមកដល់ពេលនេះ យើងបានចាយអស់ប្រមាណ៩២ពាន់លានរៀល ឬស្មើនឹងប្រមាណ២៣លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះវាមិនច្រើននោះទេ ។

សម្ដេចតេជោ ក៏បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិភាក្សាជាមួយម្ចាស់រោងចក្រដែលព្យួរការងារក្នុងពេលនេះ ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលបាត់បង់ការងារ ដែលការងារនេះ នឹងត្រូវចាប់ផ្ដើមបើកប្រាក់ជូនកម្មករនៅខែមេសាតទៅ ក្នុងនោះរដ្ឋចេញ៤០ដុល្លារហើយម្ចាសរោងចក្រចេញ៣០ដុល្លារសម្រាប់កម្មករម្នាក់។

សម្ដេចបានបន្ថែមថា កត្តាដែលធ្វើឱ្យមានការបិទរោងចក្រនោះ គឺដោយសារតែស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជននៅបណ្ដាប្រទេសអឺរ៉ុបនិងអាមេរិក ហើយនៅពេលសេដ្ឋកិច្ច និងប្រាក់ចំណូលធ្លាក់ចុះប្រជាជនគេ ក៏បានកាត់បន្ថយការចំណាយ ដែលធ្វើឱ្យមានការធ្លាក់ចុះ នូវការបញ្ជាទិញពីប្រទេសកម្ពុជា និងប្រទេសអ្នកផលិតផ្សេងៗទៀតផងដែរ ។ កត្តានេះវាមិនមែនមកពីបញ្ហា សិទ្ធិមនុស្សនោះទេ គឺពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចសកលតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here